(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានស្នើនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍របស់ថៃ ក្នុងស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ អនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់កាតចេញព្រឹក-វិលល្ងាច នៅផ្សាររ៉ុងក្លឿ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។
ការស្នើដូចនេះ បានលើកឡើងនៅក្នុងកិច្ចពិភាក្សា រវាងនាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងនាយប៉ុស្តិ៍ច្រកទ្វារព្រំដែនខ្លងលឹក កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅស្នាក់ការប៉ុស្តិ៍នគរបាលអន្តោរ ប្រវេសន៍ភាគីថៃ ស្រុកអរញ្ញាប្រាថេត ខេត្តស្រះកែវ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានឱ្យដឹងទៀតថា កិច្ចពិភាក្សានេះ បានធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងភាគីទាំងពីរ ដើម្បីជួយសម្រួលដល់ភ្ញៀវជាតិ អន្តរជាតិ រួមទាំងប្រជាពលរដ្ឋ និងអាជីវករឲ្យបានឆាប់រហ័ស ផ្តល់ភាពងាយស្រួល ដល់ការចេញចូលដល់ពួកគាត់ដើម្បីជៀសវាការកកស្ទះ។
លោកនាយប៉ុស្តិ៍ បានបញ្ជាក់ថា នៅកិច្ចពិភាក្សានេះលោកក៏បានស្នើសុំឲ្យមានការដំណើរការ ការធ្វើកាត (IMGIMIGRATION CARD) ជូនប្រជាពលរដ្ឋខ្មែ ក្នុងក្រុង ប៉ោយប៉ែតសារឡើងវិញ ដើម្បីជួយសម្រួលដល់ជីវភាព របស់ប្រជាពលរដ្ឋ និងអាជីវករនៅក្នុងផ្សាររ៉ុងក្លឿ ហើយការស្នើសុំនេះគឺជាលើកទី៤ហើយ។
លោកឧត្តមសេនីយ៍ត្រី អ៊ី ចំរើន បានបញ្ជាក់ទៀតថា ចំពោះសំណើរនេះខាងភាគីថៃ នឹងរាយការណ៍ជូនថ្នាក់ដឹកនាំរបស់គេបន្តទៀត ហើយសម្រេចយ៉ាងណានោះ ខាងថៃនឹងជូនដំណឹងនៅពេលក្រោយ៕