(សៀមរាប)៖ គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀត បានវាស់វែងចំនួន ៣០ ៥០៨ ក្បាលដីហើយ ខណៈប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ដែលបានចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី កើនដល់ចំនួន ៧៨៩ គ្រួសារផងដែរ។

តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ការអនុវត្តយុទ្ធនាការចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទទួលបានលទ្ធផលដូចខាងក្រោម៖

១៖ វាស់វែងក្បាលដីបាន ៣០ ៥០៨ ក្បាលដី ទំហំ ៥ ៥៣០ ហិកតា ក្នុងនោះ ក្បាលដីមានសំណង់ចំនួន ១៧ ១៨៤ ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ១១ ៤០៩ ក្បាលដី និងក្បាលដីជាដីស្រែ ចំការ ចំនួន
១ ៩១៥ ក្បាលដី។

២៖ ប្រជាពលរដ្ឋដែលគ្រប់លក្ខខណ្ឌ និងស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ បានចាប់ឆ្នោតជ្រើសរើសឡូត៍ដីនៅភូមិធម្មជាតិរុនតាឯករួច ចំនួន ៧៨៩ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានដីចំនួន ១ ឡូត៍ ទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ។

៣៖ ប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើតូបខុសច្បាប់ចំនួន ៤៤ តូប ក្នុងនោះ ១០ តូប ស្មើ ៧៩ ខ្ចុះ ស្ថិតនៅភូមិទក្សិណត្បូង និងភូមិវាល សង្កាត់គោកចក និងតូបលក់វត្ថុអនុស្សាវរីយ៍ចំនួន ៣៤ តូប ស្ថិតនៅមុខប្រាសាទបន្ទាយក្តី។

៥៖ ឈូសឆាយដីនៅតំបន់អភិវឌ្ឍរុនតាឯកសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ មកតាំងទីលំនៅថ្មី បានទំហំ ១៥,១០ ហិកតា។

៦៖ បានស្ថាបនាផ្លូវគ្រួសក្រហមក្នុងភូមិធម្មជាតិរុនតាឯកចំនួន៥ ខ្សែ ប្រវែង ៨៣០ ម៉ែត្រ។

សូមបញ្ជាក់ថា ក្រុមការងារអន្តរក្រសួងដឹកនាំដោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បាន និងកំពុងបើកយុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

យុទ្ធនាការនេះ មានកម្លាំងសរុបប្រមាណ ១២០០ នាក់ ចែកចេញជា ៦៨ ក្រុម មានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មន្រ្តីជំនាញរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្រ្តីរបស់រដ្ឋបាលខេត្តសៀមរាប ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដីនិងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

ជាមួយនឹងការបើកយុទ្ធនាការនេះ ឧបនាយករដ្ឋមន្ត្រីក៏ បានព្រមានចំៗទៅពលរដ្ឋសង់សំណង់ខុសច្បាប់ទាំងឡាយក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យប្រញាប់រុះរើសំណង់ទាំងនោះវិញដោយខ្លួនឯង ជាជាងការប្រើប្រាស់កម្លាំងអាជ្ញាធរចុះរុះរើ។

យុទ្ធនាការទ្រង់ទ្រាយធំចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ធ្វើឡើងក្នុងបំណងការពារសម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ ដែលត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ការរុះរើសំណង់ខុសច្បាប់ទាំងអស់នេះ ដើម្បីបញ្ចៀសការខុសនូវលក្ខន្តិកៈនានារបស់អង្គការយូណេស្កូ ដែលប្រឈមនឹងការដកប្រាសាទអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក៕

ផែនទីរុះរើខ្ចុះស្ថិតនៅភូមិទក្សិណខាងត្បូង

សកម្មភាពរុះរើខ្ចុះ

សកម្មភាពដាំដើមឈើនៅទីតាំងដែលបានរុះរើខ្ចុះ