(ភ្នំពេញ)៖ គណៈកម្មការទន្លេមេគង្គ ហៅកាត់ថា MRC បានសិក្សារកឃើញថា គម្រោងទំនប់វារីអគ្គិសនីចំនួនពីរ តាមដងទន្លេដ៏សំខាន់ជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ គឺទំនប់វារីអគ្គិសនីដនសាង និងសាយាបូរី របស់ឡាវ បង្កឱ្យមានផលប៉ះពាល់គួរឱ្យកត់សម្គាល់ តែក្នុងកម្រិតមធ្យម ទៅលើលំហូរទឹក កំណកកករ និងជលផល។

គណៈកម្មការទន្លេមេគង្គ បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវរបស់ខ្លួនកាលពីសប្តាហ៍មុន ពាក់ព័ន្ធទៅនឹងផលប៉ះពាល់បង្កឡើងដោយទំនប់វារីអគ្គិសនីដនសាហុង និងសាយាបូរីរបស់ឡាវ។

គណៈកម្មការទន្លេមេគង្គ បានគូសបញ្ជាក់ថា ក្រុមអ្នកអង្កេតចម្រុះជាតិសាសន៍ ដែលចូលរួមដំណើរការគម្រោងសាកល្បងកម្មវិធីតាមដានបរិស្ថានរួម (Joint Environmental Monitoring programme) របស់ MRC បានវាស់ស្ទង់លើសូចនាករសំខាន់ៗទាំងប្រាំ នៃសុខមាលភាពទន្លេមេគង្គ រួមមានជលសាស្ត្រ កំណកកករ គុណភាពទឹក អេកូឡូស៊ីក្នុងទឹក និងជលផល។

តាមរយៈការសាកល្បងកម្មវិធីនេះ បានធ្វើការសិក្សាលើគម្រោងទំនប់វារីអគ្គិសនីថ្មីៗចំនួនពីរ គឺគម្រោងដនសាហុង និងសាយាបូរី MRC មានគោលដៅបង្កើតឱ្យបាននូវវិធីសាស្ត្រ និងបទដ្ឋានតាមដាននានា ដែលប្រតិបត្តិករទំនប់ទាំងអស់លើទន្លេមេនៃទន្លេមេគង្គ អាចនឹងប្រើប្រាស់អនុវត្តបាននាពេលអនាគត។

ក្នុងចំណោមការរកឃើញសំខាន់បំផុតនៃការសាកល្បងនេះ ក្រុមអ្នកតាមដាន បានសង្កេតឃើញថា លំនាំលំហូរទន្លេជារួម មិនមានការប្រែប្រួលនោះទេ។ នៅតំបន់ផ្នែកខាងលើទំនប់ សុខមាលភាពអេកូឡូស៊ីរបស់ទន្លេ មានកម្រិត «ល្អ» និង «មធ្យម» ក្នុងតំបន់អាងស្តុក ក៏ដូចជាតំបន់ផ្នែកខាងក្រោមទនៃទំនប់ទាំងពីរ។ គុណភាពទឹកស្ថិតក្នុងស្ថានភាព «ល្អ» សម្រាប់ការប្រើប្រាស់របស់មនុស្ស។ ក្នុងតំបន់អាងទំនប់ វាមិនមានភស្តុតាងបង្ហាញពីការបង្កើតស្រទាប់កករ ដែលអាចជះឥទ្ធិពលដល់ទាំងគុណភាពទឹក និងជលផលទេ។ ប៉ុន្តែនៅពេលទឹកហូរកាត់តាមទំនប់ «វាមានភស្តុតាងតិចតួច បង្ហាញពីការប្រែប្រួលគុណភាពទឹកនៅផ្នែកខាងក្រោមទន្លេ»

នៅផ្នែកខាងក្រោមនៃគម្រោងសាយាបូរី ក្នុងប្រទេសឡាវ ក្រុមអ្នកតាមដាន ក៏បានប្រទះឃើញការប្រែប្រួលកម្រិតទឹកប្រចាំថ្ងៃ ដែលអាចប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីផងដែរ។ ក៏ប៉ុន្តែ បញ្ហានេះ មិនបានកើតមាននៅផ្នែកខាងក្រោមនៃទំនប់ដនសាហុងទេ។ ក្រុមអ្នកតាមដាន ក៏បានសង្កេតឃើញលំនាំដែលបានចាប់ផ្តើមកើតមានកាលពីឆ្នាំ ២០១៨ នោះគឺការធ្លាក់ចុះនៃបណ្តុំកករ និងការផ្ទុកនូវកំណកកករ ដែលនាំមកនូវអាហាររូបត្ថម្ភចិញ្ចឹម និងធ្វើឲច្រាំងទន្លេមានលំនឹង។ ក៏ប៉ុន្តែ ការថមថយចុះនេះ «អាចនឹងបណ្តាលមកពីការបង្ខាំង ឬការកកស្ទះនៃកំណកកករ តាមតំបន់គម្រោងវារីអគ្គិសនីតាមដៃទន្លមេ និងទន្លេមេគង្គ»

ជាចុងបញ្ចប់ ក្រុមតាមដាន ក៏បានសង្កេតឃើញពីការប្រែប្រួលខ្លះៗលើភាពចម្រុះនៃមច្ឆានៅផ្នែកខាងលើទំនប់សាយាបូរី ដោយវាមានកម្រិតថេរចាប់ពីឆ្នាំ២០១៧ ដល់២០១៩ និងការធ្លាក់ចុះក្នុងឆ្នាំ២០២០។ នៅផ្នែកខាងក្រោមនៃអាងស្តុក ភាពចម្រុះនេះ នៅតែមានកម្រិតខ្ពស់។ ផ្ទុយមកវិញ ផលចាប់ហាក់ដូចជាមានកម្រិតថេរ ដែលគេបានរាយការណ៍ថាកើនឡើងនៅឆ្នាំ២០១៧ ធ្លាក់ចុះនៅឆ្នាំ២០១៨ និង២០១៩ ហើយកើនឡើងវិញនៅឆ្នាំ២០២០។

នៅជុំវិញទំនប់ដនសាហុងវិញ ក្រុមអ្នកតាមដានបានប្រទះឃើញទិន្នន័យគួរឱ្យភ្ញាក់ផ្អើលមួយ នោះគឺក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ទិន្នផលចាប់នៅភាគខាងជើងប្រទេសកម្ពុជា បានធ្លាក់ចុះ ប៉ុន្តែវាបានកើនឡើងខ្លាំងនៅផ្នែកខាងក្រោមនៃទំនប់ទៅវិញ។

ទោះជាយ៉ាងនេះក្តី លទ្ធផលទាំងនេះ បានមកពីវដ្តតាមដានមួយប៉ុណ្ណោះ។ ក្រុមអ្នកសង្កេត JEM ស្នើឱ្យតាមដាន ពីរទៅបីឆ្នាំបន្ថែមទៀត ដើម្បីទាញឱ្យបាននូវ «ការសន្និដ្ឋានដ៏មុតមុំាមួយ» ពីផលប៉ះពាល់នៃការអភិវឌ្ឍទំនប់វារីអគ្គិសនី និងសម្ពាធនានាបង្កើតឡើងដោយសកម្មភាពមនុស្ស។

លោកបណ្ឌិត អានុល័ក ខិធិឃួន នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC ថ្លែងថា «យើងត្រូវដឹងពីកម្រិតនៃបញ្ហាប្រឈមរបស់យើង និងធ្វើការកំណត់ពីវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុត ដើម្បីវាយតម្លៃផលប៉ះពាល់នេះ។ ខណៈដែលរបាយការណ៍នេះ បង្ហាញពីផលប៉ះពាល់ខ្លះៗនៃទំនប់វារីអគ្គិសនី វាលឿនពេកក្នុងការវាយតម្លៃថា រាល់ផលប៉ះពាល់ទាំងអស់សុទ្ធតែបណ្តាលមកពីទំនប់។ ការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍផ្សេងទៀត ក៏អាចជាកត្តាផងដែរ»

គណៈកម្មការទន្លេមេគង្គ បានលើកឡើងថា របាយការណ៍តាមដានបរិស្ថានរួមនេះ ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធំមួយរបស់ MRC ដែលតំណាងឲ្យបណ្តាប្រទេសជាសមាជិក រួមមានកម្ពុជា ឡាវ ថៃ និងវៀតណាម ដើម្បីសំដៅបង្កើតឲ្យមានតុល្យភាពមួយ រវាងអត្ថប្រយោជន៍សេដ្ឋកិច្ចនិងសង្គម និងផលប៉ះពាល់ ពីទំនប់វារីអគ្គិសនី មិនត្រឹមតែលើបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើក្រុមគ្រួសារនេសាទ និងកសិកររាប់លាន ដែលពឹងអាស្រ័យលើទន្លេមេគង្គសម្រាប់ការចិញ្ចឹមជីវិត។

សម្រាប់គម្រោងសាកល្បង JEM នេះ ក្រុមអ្នកតាមដាន បានធ្វើការសាកល្បងពិធីការរបស់គេ រយៈពេលប្រមាណមួយឆ្នាំ បន្ទាប់ពីការពន្យាពេលយ៉ាងយូរ បង្កដោយការរីករាលដាលនៃជំងឺកូវីដ១៩។ របាយការណ៍នេះ នឹងក្លាយជាមូលដ្ឋានគ្រឹះមួយសម្រាប់សកម្មភាពនានា ទាំងផ្នែកគោលនយោបាយ និងតាមដាននាពេលអនាគត។ ដូចដែលរបាយការណ៍ផ្ទាល់បានបញ្ជាក់ របបគំហើញទាំងនេះ អាចជាជំនួយដល់ការ «រៀបចំ ប្លង់ និងទីតាំងគម្រោងទំនប់វារីអគ្គិសនីនាពេលខាងមុខ ការព្យាករណ៍ពីការប្រែប្រួលនានា ពាក់ព័ន្ធនឹងប្រតិបត្តិការគម្រោង និងការអភិវឌ្ឍ ការប្រើប្រាស់ និងការវាយតម្លៃនៃយន្តការគ្រប់គ្រង និងកាត់បន្ថយផលប៉ះពាល់»។ លើសពីនេះ វាអាចផ្តល់ជា «មូលដ្ឋានមួយសម្រាប់កិច្ចពិភាក្សាបែបស្ថាបនា រវាងសហគមន៍តាមដងទន្លេ និងសមាជិករបស់ MRC»

ក្នុងចំណោមអនុសាសន៍ជាច្រើនផ្តល់ទៅឱ្យ MRC ប្រទេសជាសមាជិក និងប្រតិបត្តិករទំនប់វារីអគ្គិសនី របាយការណ៍នេះ ស្នើថា ដើម្បីកាត់បន្ថយផលប៉ះពាល់លើជលសាស្ត្រ កំណកកករ និងជលផល ភាគីពាក់ព័ន្ធទាំងអស់ខាងលើ គប្បីដាក់ស្នើជារួមនូវ «គោលដៅ ឬកំហិតនានាលើអត្រានៃបម្រែបម្រួលកម្រិតទឹក» ក្នុងទន្លេមេនៃទន្លេមេគង្គ, ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរួមសម្រាប់ការជូនដំណឹង, ប្រតិបត្តិរួមគ្នានូវច្រកទ្វារកម្រិតទាបសម្រាប់ចរាចរកំណកកករ, ហើយក្នុងករណីទំនប់ដនសាហុង ធ្វើឲ្យច្រកចូលសម្រាប់ច្រកចរាចរត្រីកាន់តែជ្រៅ និងធ្វើឲ្យប្រសើរឡើងនូវច្រកប្រឡាយទាំងនេះ។

សម្រាប់គម្រោងនាពេលអនាគត របាយការណ៍ក៏បានអំពាវនាវឱ្យមាន «ការតាមដានទឹកជាប្រព័ន្ធ ក្នុងអំឡុងពេលនៃគ្រប់ដំណាក់កាលសាងសង់ និងប្រតិបត្តិការទាំងអស់ ដើម្បីចាត់វិធានសមស្រប ក្នុងករណីស្ថានភាពគុណភាពទឹកមិនល្អកើតឡើង»

MRC ក៏កំពុងនឹងជជែកពិភាក្សាពីរបៀបដាក់បញ្ចូលការតាមដាន JEM នៅក្នុងបណ្តាញស្នូលថ្មីសម្រាប់ការតាមដានទន្លេ ធានាឲ្យមានការតាមដានរយៈពេលយូរ ការធ្វើរបាយការណ៍ និងការគ្រប់គ្រងបែបបន្សុំា ដែលចាំបាច់ក្នុងការថែរក្សាការពារទន្លេមេគង្គនេះ៕