(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គជ.ប.ជ) នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានចេញសេចក្តីអំពាវនាវឱ្យសាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសជាមិត្ត បន្តសហការផ្តល់ព័ត៌មាន ឬតម្រុយនានាពាក់ព័ន្ធអំពើជួញដូរមនុស្ស ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនេះ នៅក្នុងប្រទេសកម្ពុជា។
តាមរយៈលិខិតអំពាវនាវដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្នុងរយៈពេលប្រមាណជាង មួយឆ្នាំមកនេះ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានទទួលសំណើ និងពាក្យបណ្ដឹងពីជនបរទេស និងស្ថានតំណាងបរទេសប្រចាំកម្ពុជាមួយចំនួន ពាក់ព័ន្ធនឹងការស្នើសុំកិច្ចអន្តរាគមន៍ជួយសង្គ្រោះ និងការស្នើសុំស្រាវជ្រាវស្វែងរកពលរដ្ឋ ដោយបានអះអាងថា ជាជនរងគ្រោះនៃអំពើជួញដូរ និងរត់ពន្ធមនុស្ស ដែលជាបទល្មើសដ៏ធ្ងន់ធ្ងរមួយ ក្នុងចំណោមឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំង។
សម្តេចបានបន្តថា បន្ទាប់ពីបានពិនិត្យយ៉ាងយកចិត្តទុកដាក់លើសំណើ និងពាក្យបណ្តឹងទាំងនោះ ករណីភាគច្រើន ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបើកប្រតិបត្តិការស្រាវជ្រាវស្វែងរកឃើញ និងជួយសង្គ្រោះបានទាន់ពេលវេលា ព្រមទាំងបានលើកលែងការផាកពិន័យផ្សេងៗពាក់ព័ន្ធនឹង ស្ថានភាពអន្តោប្រវេសន៍របស់ពួកគ និងបានផ្ដល់ការសម្របសម្រួលនីតិវិធី ដើម្បីបណ្តេញចេញពីកម្ពុជា ស្របតាមការកំណត់នៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ជាក់ស្តែង គិតពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានរកឃើញ និងជួយសង្គ្រោះជនបរទេសដែលប្រកាសថា ជនរងគ្រោះចំនួន ៨៧ករណី ស្មើនឹងប្រមាណ ៨៦៥នាក់ ព្រមទាំងបានកសាងសំណុំរឿងបញ្ជូនទៅ តុលាការចំនួន១៧ករណី ជនសង្ស័យសរុបចំនួន ៦០នាក់។ ដោយឡែក នាសប្ដាហ៍ទី៤ ខែសីហា ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាបានបើកកិច្ចប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះសរុបចំនួន ០៧ករណី ដោយបានសង្គ្រោះជនរងគ្រោះសរុបចំនួន ២៥នាក់ (មាន ៦ សញ្ញាតិ) និងឃាត់ខ្លួនជនសង្ស័យសរុបចំនួន ២៣នាក់ (មាន ៤ សញ្ញាតិ) នៅក្នុងខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ ខេត្តស្វាយរៀង និងខេត្តឧត្តរមានជ័យ។ ក្រៅពីនេះ មានករណីសេសសល់បន្ថែមទៀត ដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងបន្តស្រាវជ្រាវ ដើម្បីសង្គ្រោះ និងបង្ក្រាប។
សម្តេចបានបញ្ជាក់បន្ថែមថា ទន្ទឹមនេះ ផ្អែកតាមលទ្ធផលនៃការស្រាវជ្រាវ និងសួរចម្លើយ រកឃើញថា ពលរដ្ឋបរទេសទាំងនោះ មួយចំនួនធំត្រូវបានក្រុមឧក្រិដ្ឋជន ដែលមានមេក្លោងនៅក្នុងប្រទេសរបស់ខ្លួន និងមានបក្សពួកនៅកម្ពុជា ប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ធ្វើការឆបោកឲ្យឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសកម្ពុជា ក្រោមការសន្យាផ្តល់ការងារដែលទទួលបានប្រាក់ឈ្នួលខ្ពស់។ ក៏ប៉ុន្តែជាក់ស្ដែងជនទាំងនោះ ត្រូវបានចាត់ ឲ្យបម្រើការងារល្បែងស៊ីសងអនឡាញខុសច្បាប់ ហើយបានក្លាយជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និង រត់ពន្ធមនុស្ស ដោយត្រូវបានក្រុមឧក្រិដ្ឋជនធ្វើការជួញដូរ ឬផ្ទេរបន្តពីក្រុមហ៊ុនមួយទៅក្រុមហ៊ុនមួយ ឬពី ក្រុមមួយទៅក្រុមមួយ ដោយពុំមានការព្រមព្រៀងពីសាមីខ្លួន ហើយករណីខ្លះទៀតត្រូវទទួលរងនូវអំពើហិង្សា និងការគំរាមកំហែងផ្សេងៗ ប្រសិនមិនអនុវត្តតាមការបង្គាប់បញ្ហាពីក្រុមឧក្រិដ្ឋជន។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស សម្តេចក្រឡាហោម បានសម្តែងការសោកស្តាយ និងសូមថ្កោលទោសចំពោះអំពើដ៏អមនុស្សធម៌ទាំងនេះ។ សម្តេចក៏បានថ្លែងអំណរគុណ និងស្វាគមន៍ចំពោះការផ្ដល់ព័ត៌មានផ្សេងៗ ពីសំណាក់បុគ្គល និងស្ថានតំណាងបរទេសប្រចាំកម្ពុជា នាពេលកន្លងមកពាក់ព័ន្ធទៅនឹងករណីខាងលើនេះ។
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តប្រកប ដោយឆន្ទៈមោះមុត ក្នុងការអនុវត្តតាមច្បាប់ជាធរមាន ដើម្បីប្រយុទ្ធប្រឆាំងអំពើឆបោក-ជំរិតទារប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យា បទល្មើសគ្រឿងញៀន បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងអនឡាញខុសច្បាប់ ព្រមទាំងបន្តផ្តល់ការគាំពារ និងជួយសង្គ្រោះ ទាំងពលរដ្ឋកម្ពុជាដែលរងគ្រោះដោយអំពើជួញដូរនៅឯបរទេស និងសង្គ្រោះជនបរទេសដែលរងគ្រោះដោយអំពើជួញដូរនៅកម្ពុជា។
កាលពីពេលថ្មីៗនេះ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានដាក់ចេញផែនការប្រតិបត្តិការ បង្កើនការប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម និងអាជីវកម្មផ្លូវភេទ ព្រមទាំងបានបង្កើត «គណៈបញ្ជាការដឹកនាំប្រតិបត្តិការ» ដើម្បីធ្វើជាសេនាធិការក្នុងការដឹកនាំ និងបញ្ញ ដោយផ្ទាល់នូវប្រតិបត្តិការបង្ក្រាប និងជួយសង្គ្រោះជនរងគ្រោះ។
ក្នុងន័យនេះ សម្តេចក្រឡាហោម សូមធ្វើការអំពាវនាវដល់ សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេសប្រចាំកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេសពាក់ព័ន្ធ សូមបន្តសហការផ្តល់ព័ត៌មានពាក់ព័ន្ធអំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។
ការផ្តល់ព័ត៌មានអាចធ្វើទៅបានតាមរយៈ៖
១៖ គេហទំព័រ Facebook: Samdech Krolahom Sar Kheng, Cambodian Deputy Prime Minister
២៖ លេខទូរសព្ទ Hotline របស់អគ្គស្នងការដ្ឋាននគរបាលជាតិ: ១១៧ និង (+៨៥៥) ៣១ ២០១ ២៣៤៥
៣៖ គេហទំព័រ Facebook: អគ្គស្នងការដ្ឋាននគរបាលជាតិ-General Commissariat of Natioral Police
៤៖ គេហទំព័រ Facebook: អគ្គនាយកដ្ឋានអន្តោប្រវេសន៍-General Department of Immigration-GDI
សម្តេចក្រឡាហោម ស ខេង សង្ឃឹមយ៉ាងមុតមាំថា សាធារណជនជាតិ-អន្តរជាតិ ស្ថានតំណាងបរទេស និងអាជ្ញាធរពាក់ព័ន្ធន បណ្តាប្រទេសជាមិត្ត នឹងបន្តផ្តល់កិច្ចសហការយ៉ាងសកម្ម និងជិតស្និទ្ធ ដើម្បីរួមគ្នាលុបបំបាត់ឧក្រិដ្ឋកម្មនេះ សំដៅការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ៕