(ភ្នំពេញ)៖ ស្ត្រីម្នាក់ឈ្មោះ ធន់ យ៉េត អាយុ៣០ឆ្នាំ បានស្រែកទ្រហ៊ាយំបោកខ្លួន នៅក្បែរសាកសពរបស់ប្តី នាងនឹងនិយាយទាំងទឹកភ្នែកសុំឲ្យសមត្ថកិច្ច ជួយរកមូលហេតុពិតប្រាកដទាក់ទងនឹងការស្លាប់ របស់ប្តីគាត់។
ជុំវិញបញ្ហាដែលស្ត្រីជាប្រពន្ធបានស្រែកយំនេះ បានកើតឡើង និងបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង ៥៖៣០នាទី ព្រលឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពីបុរសជាប្តីរបស់នាង ឈ្មោះ ស៊ន គីមហុង អាយុ៣៧ឆ្នាំ មុខរបរជាកម្មករសំណង់ត្រូវបានគេប្រទះឃើញដេកបាក់កស្លាប់ នៅក្បែរបន្ទប់ទឹកក្នុងការដ្ឋានសំណង់មួយកន្លែង ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើយោងតាមសម្តីមេកា ឈ្មោះ សុខ ហៃ បានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ក្រោយពីចប់ម៉ោងការងាររួចនោះ ឈ្មោះ ស៊ន គីមហុង (ស្លាប់) នឹងមិត្តភ័ក្រពីរបីនាក់ទៀត បានផឹកស្រាជាមួយគ្នា រហូតផឹកស្រាអស់ពីរលីត្រ ពួកគេក៏បែកគ្នា ដោយឈ្មោះ ស៊ន គីមហុង បានឡើងទៅដេកលើកឡៅតឿន ជាន់ទីមួយក្នុងការដ្ឋានដែលកំពុងសាងសងមិនទាន់រួច នៅក្បែរកន្លែងផឹកសីុ ចំណែកអ្នកផ្សេងទៀត ក៏ដើរទៅដេកតាមកន្លែងរៀងៗខ្លួន។
ប្រភពបន្តថា លុះព្រឹកព្រលឹមស្រាងៗប្រហែលជាម៉ោង៥៖៣០នាទី លោកបានដើរទៅដាស់ឈ្មោះ ស៊ន គីមហុង អោយក្រោកដើម្បីបន្តការងារដូចសព្វដង ប៉ុន្តែពេលដើរចូលទៅក្នុងសំណង់ការដ្ឋានសាងសង ស្រាប់តែប្រទះឃើញឈ្មោះ ស៊ន គីងហុង បានដេកស្លាប់ក្បែរបន្ទប់ទឹកជាន់ផ្ទាល់ដីតែម្តងទៅ ដោយមានស្នាមរបួសជង្គង់ នឹងដៃ។
ចំពោះករណីខាងលើនេះ សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដែលចុះពិនិត្យផ្ទាល់បានសន្និដ្ឋានថា ករណីនេះអាចកើតឡើងដោយសារ ជនរងគ្រោះឈ្មោះ ស៊ន គីមហុង ផឹកស្រាស្រវឹងហើយឡើងទៅដេក លើកឡៅតឿន រមៀលធ្លាក់មកក្រោមបោកក្បាលនឹងថ្ម នឹងបាក់កស្លាប់ទៅ។
សមត្ថកិច្ចបញ្ជាក់ថាក្រោយពិនិត្យរួចរាល់សមត្ថកិច្ច បានធ្វើលិខិតប្រគល់សាកសព ទៅអោយក្រុមគ្រួសារដឹកយកទៅស្រុកកំណើត នៅឯងខេត្តកំពង់ឆ្នាំង ដើម្បីធ្វើបុណ្យតាមប្រពៃណីខ្មែរ៕