(ភ្នំពេញ)៖ រោងចក្រច្រក និងវេច្ចខ្ចប់វ៉ាក់សាំងបង្ការជំងឹកូវីដ១៩ជាលើកដំបូងនៅកម្ពុជា នឹងបើកការដ្ឋានសាងសង់ជាផ្លូវការនៅខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ ជាមួយទុនវិនិយោគជំហានដំបូងប្រមាណ ១០០លានដុល្លារអាមេរិក។
រោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាកិច្ចសហការគ្នារវាងសហគ្រាសឱសថកម្ពុជា CPE និងក្រុមហ៊ុន Sinovac របស់ចិន នឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំប្រមាណ ៥ហិកតា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិទួលអំពិល ឃុំពញាឮ ស្រុកពញាឭ ខេត្តកណ្តាល។
បច្ចុប្បន្នក្រុមហ៊ុនកំពុងបូមខ្សាច់ចាក់បំពេញដី និងរៀបចំហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ហើយពិធីបើកការដ្ឋានសាងសង់ នឹងចាប់ផ្តើមនៅខែវិច្ឆិកា។ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២នេះ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អមដំណើរដោយលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងមន្ត្រីរបស់ក្រុមហ៊ុន បានអញ្ជើញចុះពិនិត្យដំណើរការបូមខ្សាច់បំពេញដី និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីត្រៀមការបើកការដ្ឋានសាងសង់ផ្លូវការ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា រោងចក្រនេះ នឹងត្រូវសាងសង់ឡើងដោយឈរលើមូលដ្ឋានបច្ចេកវេជ្ជសាស្ត្រ មានអគារសម្រាប់ផលិត រក្សាទុកវ៉ាក់សាំង រក្សាកាកសំណល់ និងកន្លែងស្នាក់នៅរបស់កម្មករជាដើម។
បើតាមលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រោងចក្រនេះ គឺបម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំង Sinovac ដែលនឹងដឹកមកពីប្រទេសចិន។
លោក ធាន សេង តំណាងសហគ្រាសឱសថកម្ពុជា CPE បានប្រាប់ Fresh News ថា រោងចក្រផលិតវ៉ាក់សាំងនេះ គឺជារោងចក្រដំបូងនៅក្នុងប្រទេសកម្ពុជា ហើយនឹងត្រូវសាងសង់ឡើងដោយយកចិត្តទុកដាក់ខ្ពស់បំផុតតាមបទដ្ឋានបច្ចេកវេជ្ជសាស្ត្រ។ ក្រោយពេលរោងចក្រសាងសង់រួចរាល់ គឺមានសមត្ថភាពគ្រប់គ្រាន់ក្នុងការច្រក និងវេចខ្ចប់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ Sinovac តាមតម្រូវការរបស់រាជរដ្ឋាភិបាល។
តំណាងក្រុមហ៊ុនរូបនេះ ក៏បានបញ្ជាក់ដែរថា ដំណាក់កាលដំបូង រោងចក្របម្រើការច្រក និងវេចខ្ចប់ ហើយជំហានបន្ទាប់ ក្រុមហ៊ុននឹងដាក់ទុនបន្ថែម ដើម្បីបង្កើនសមត្ថភាពប្រែក្លាយរោងចក្រនេះទៅជាការផលិតវ៉ាក់សាំងផ្សេងៗ។
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានឱ្យដឹងថា រោងចក្រនេះគ្រោងបញ្ចប់ការសាងសង់ និងដាក់បម្រើការច្រក និងវេចខ្ចប់វ៉ាក់សាំងនៅឆ្នាំ២០២៤។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ធ្លាប់បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាង ១០៤លានដូស ដែលនឹងត្រូវវេចខ្ចប់នៅក្នុងរោងចក្រនេះ សម្រាប់ផ្គត់ផ្គង់តម្រូវការរយៈពេល៣ឆ្នាំ ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦។
សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានបានបង្ហាញការរំពឹងទុកថា បើមានរោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ថ្ងៃក្រោយកម្ពុជាចង់ផលិតវ៉ាក់សាំងអ្វីក៏បាន ដោយសារមានមូលដ្ឋានស្រាប់។
វត្តមានរោងចក្រច្រក និងវេចខ្ចប់វ៉ាក់សាំងនេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រមួយទៀតក្នុងវិស័យសុខាភិបាលរបស់កម្ពុជា ហើយក៏ជាសមិទ្ធផលដែលកើតចេញពីចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា និងចិន៕