(កំពត)៖ អភិបាលរងខេត្តកំពត ចំនួន៤រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពិធីនេះមានចូលការរួមពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត, លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត និងប្រតិភូអមដំណើរព្រមទាំងជួរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប។
តាមអនុក្រឹត្យ ស្តីពីការតែងតាំងមន្រ្តីរាជការ ដែលបានចុះហត្ថលេខា ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់តែងតាំង មន្រ្តីរាជការចំនួន០៤រូប ជាអភិបាលរងនៃគណអភិបាលខេត្តកំពត រួមមាន ៖
*ទី១៖ លោក ពេញ ធារម្យ
*ទី២៖ លោក សេន សាប៊ីល
*ទី៣៖ លោក ខៀវ រិទ្ធិភ័ណ្ឌ
*ទី៤៖ លោក ង៉ាន់ ថារិទ្ធ
ថ្លែងនាឱប្រកាសនោះ លោក ម៉ៅ ធនិន បានលើកឡើងអំពីសកម្មភាព និងសមិទ្ធផលនានាក្នុងខេត្តទាំងអស់កើតឡើងពីការខិតខំប្រឹងប្រែង រួមគ្នារវាងថ្នាក់ដឹកនាំខេត្ត និងមន្ទីរអង្គភាពជំនាញជុំវិញខេត្តផងដែរ ។ លោកបន្តទៀតថា កិច្ចការអភិវឌ្ឍន៍ទាំងអស់គឺមានគោលបំណងបម្រើរផលប្រយោជន៍ទូទៅ បង្កើតការងារ និងបង្កើន ប្រាក់ចំណូល ជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលជូនប្រជាពលរដ្ឋ ជាក់ស្តែងអត្រាភាពក្រក្រីរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត មានការថយចុះជាលំដាប់ ក្នុងឆ្នាំ២០២២នេះ។
នាឱកាសនោះលោក ផាន់ ចាន់ធុល បានឱ្យដឹងដែរថា ក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា៖ ទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀតត្រូវពិនិត្យ និងដោះស្រាយរាល់ជំលោះ តម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ជាពិសេសខិតខំទប់ស្កាត់ និងបង្រ្កាបឱ្យបានបញ្ហាគ្រឿងញៀន។
លោករដ្ឋលេខាធិការ ក៏បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត បានសហការគ្នាក្នុងការអភិវឌ្ឍឱ្យខេត្ត មានការរីកចម្រើនគួរឱ្យកត់សម្គាល់ និងបានសំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំងបី អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ច សហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យបន្តទៀតផងដែរ៕