រដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម កំពុងជួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា
01-06-2016 08:55
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនានេះ លោកនាយឧត្តមសេនីយ៍ ង៉ូ ស៊ុនលិច្ស (NGO Xuan Lich) រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងគណៈប្រតិភូ បាននឹងកំពុងចូលជួបប្រជុំពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅទីស្តីការក្រសួងការពារជាតិ។
ជំនួបពិភាក្សាការងារ រវាងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសភូមិផងរបងជាមួយគ្នានេះ គឺដើម្បីពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ វិស័យយោធា នៃប្រទេសទាំង២ ឲ្យកាន់តែរឹងមាំថែមទៀត។
រដ្ឋមន្រ្តីការពារជាតិរបស់វៀតណាម ដែលទើបឡើងកាន់តំណែង លោក ង៉ូ ស៊ុនលេច្ស (Ngo Xuan Lich) បានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញនេះ ដើម្បីបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី៣១ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៦។
នៅថ្ងៃម្សិលមិញ លោក ង៉ូ ស៊ុនលេច្ស បានចូលជួបសំដែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ លោក ង៉ូ ស៊ុនលេច នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនីផងដែរ៕