(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ បានបង្ហោះរូបថតចំនួន៤សន្លឹក ដែលទទួលបានតាមរយៈ Messenger Facebook ដោយសម្តេចអំពាវនាវស្វែងរកប្រភពនៃរូបថតទាំងនេះ ព្រោះមានការទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាពសម្រាប់កម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានដាក់ការសង្ស័យថារូបថតទាំង៤សន្លឹកនេះ ថតនៅកំលុងចន្លោះឆ្នាំ១៩៨៨-១៩៩១ ដែលអាចនៅ៥កន្លែង ឬ៥ប្រទេស។

សម្តេចតេជោបានបង្ហោះរូបថត និងខ្លឹមសារទាំងស្រុងយ៉ាងដូច្នេថា «សូមអរគុណចំពោះបងប្អូន ដែលបានផ្តល់រូបថតមកឱ្យខ្ញុំរយៈ Messenger Facebook។ រូបថតដែលបញ្ជូនមកមានមួយចំនួន ខ្ញុំមិនដែលបានឃើញពីមុនមិនដឹងថា ថតនៅពេលណា នៅទីណា និងអ្នកណាជាអ្នកថត?។ លើកនេះមានរូបថត៤សន្លឹក ដែលខ្ញុំគិតថាថត ក្នុងពេលតែមួយដោយសំគាល់ទៅលើអាវ ក្រវ៉ាត់ក និងផ្លាកសញ្ញាសម្រាប់ចូលប្រជុំតែអ្វីដែលមិនច្បាស់ គឺកន្លែង និងពេលវេលា។

ខ្ញុំសង្ស័យ ៥កន្លែង ឬ៥ប្រទេសគឺ៖ ១.ការប្រជុំក្រៅផ្លូវការហ្សាកាតា (JIM) ទាំងពីរលើក១៩៨៨.១៩៨៩ និងការប្រជុំរៀបចំសមាសភាព SNC 1991 នៅ ឥណ្ឌូណេស៉ី។ ២.សន្និសីទប៉ារីសចាប់ផ្តើមដំបូង ១៩៨៩ នៅប្រទេសបារាំង។ ៣.ការប្រជុំបង្កើត SNC នៅតូក្យូប្រទេសជប៉ុន១៩៩០។ ៤.ការប្រជុំ SNC នៅបាងកក ឬប៉ាតាយ៉ា ប្រទេសថៃ១៩៩១។ ៥.ការប្រជុំ SNC នៅប៉េកាំងប្រទេសចិន ១៩៩១។ ខ្ញុំសូមអំពាវនាវបងប្អូនដែលបានដឹងប្រភពរូបថតនេះ ជួយប្រាប់ព្រោះរូបថតទាំងនេះទាក់ទងដល់ប្រវត្តិស្វែងរកសន្តិភាព សម្រាប់កម្ពុជា»