(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកគ្រប់គ្រងវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានប្រាប់ Fresh News ឱ្យដឹងថា វ៉ាក់សាំងដែលជាជំនួយរបស់អូស្ត្រាលីនេះ ប្រភេទ Pfizer សម្រាប់ចាក់ជូនកូនក្មេង។
អូស្ត្រាលី ជាប្រទេសមួយដែលបានជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦ ៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូសរួចម្តងហើយ។ ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ១៩។
វ៉ាក់សាំង គឺជាបង្អែកដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក៏ដូចជាការពារអាយុជីវិតប្រជាពលរដ្ឋពីជំងឺឆ្លងសាកលមួយនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងជាអគ្គមេបញ្ជាការកំពូលក្នុងសង្គ្រាមកូវីដ១៩ បានផ្តល់តម្លៃខ្ពស់បំផុតលើការងារចាក់វ៉ាក់សាំង ដើម្បីលុបបំបាត់ជំងឺកូវីដ១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងការអំពាវនាវឱ្យពលរដ្ឋអនុវត្តន៍វិធានសុខាភិបាលក្នុងការការពារជំងឺកូវីដ១៩ហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងតាមយុទ្ធសាស្ត្រផ្ការីក។ តាមរយគោលនយោបាយចាក់ស្រោចវ៉ាក់សាំងនេះ បានធ្វើឱ្យកម្ពុជាឈានទៅទទួលបានជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
យោងតាមលោកស្រី យក់ សម្បត្តិ រហូតមកដល់ពេលនេះកម្ពុជា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧៤លានដូស ហើយនៅសល់ក្តុងឃ្លាំងចំនួនជាង ៧លានដូស។
របាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៩៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៦០ម៉ឺននាក់។
បើទោះបីជាពេលបច្ចុប្បន្នស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩ បានថមថយយ៉ាងណាក្តី តែរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលជាប្រមុខដឹកនាំ នៅតែបន្តប្រកាន់យកនូវនយោបាយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋសម្រាប់ដូសជំរុញជាបន្តបន្ទាប់ ដរាបណាជំងឺកូវីដ១៩មិនទាន់បាត់ពីភពផែនដីទេនោះ។ សម្តេចតេជោ ហ៊ុន សែន តែងបានអំពាវនាវដល់ពលរដ្ឋឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញ ដើម្បីបង្កើនកងការពារសុខភាពពីជំងឺកូវីដ១៩។
សូមបញ្ជាក់ថា កម្ពុជាមិនត្រឹមតែជាប្រទេសដែលទទួលបានជោគជ័យ លើការងារគ្រប់គ្រងការរាតត្បាតជំងឺកូវីដ១៩ប៉ុណ្ណោះទេ។ តាមការវាយតម្លៃរបស់ក្រុមហ៊ុនផ្សព្វផ្សាយ Nikkei របស់ជប៉ុន បានរកកម្ពុជា ក៏ជាប្រទេសដែលស្តារសេដ្ឋកិច្ចក្រោយវិបត្តិជំងឺកូវីដ១៩ បានល្អប្រសើរជាងគេផងដែរ។
ការគ្រប់គ្រងជំងឺកូវីដ១៩ ដោយជោគជ័យ បានធ្វើឱ្យកម្ពុជាសកម្មភាពសេដ្ឋកិច្ចពេញលេញឡើងវិញ។ ធ្វើឱ្យកម្ពុជា អាចរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនាមជាប្រធានអាស៊ានដោយផ្ទាល់ឡើងវិញ នៅដើមខែសីហានេះ បន្ទាប់ពីការប្រជុំដោយផ្ទាល់នេះ ត្រូវបានខកខានអស់រយៈពេលពីរឆ្នាំ។
លទ្ធផលដ៏គាប់ប្រសើររបស់កម្ពុជាលើការងារទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩ នាំឱ្យមានការកោតសរសើរកម្ពុជាជាខ្លាំង។ ថ្នាក់ដឹកនាំប្រទេសជាមិត្ត អង្គការអភិវឌ្ឍន៍នានា បានវាយតម្លៃខ្ពស់ចំពោះភាពដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងការចូលរួមសហការយ៉ាងល្អប្រសើររបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋកម្ពុជា៕