(កំពង់ធំ)៖ លោក ខាន់ ខុន ទីប្រឹក្សាក្រសួងធម្មការ និងសាសនា បានថ្លែងបញ្ជាក់ថា ក្រោមនយោបាយយុទ្ធសាស្រ្តដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា តាមរយៈនៃដំណោះស្រាយផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានពេញលេញ ទើបបង្កើតបានឱកាសពេញលេញមួយសម្រាប់វិស័យអប់រំបានដំណើរការឡើងវិញ ពិសេសគឺឱកាសសិក្សារៀនសូត្ររបស់សិស្សានុសិស្ស និងនិស្សិត។
លោក ខាន់ ខុន បានថ្លែងយ៉ាងនេះ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញប្រគល់វិញ្ញាបនបត្រដល់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អង់គ្លេស អេច អាយ អិល( HIL) ជាង៥០០នាក់ ស្ថិតនៅឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពីលោក អ៊ួង សារឿន អភិបាលស្រុកបារាយណ៍ លោក ខេង សុគន្ធ នាយកមជ្ឈមណ្ឌលភាសាអង់គ្លេស អេច អាយ អិល និងលោក លោកស្រី ជាមន្ត្រីរាជការ កងកម្លាំង និងមាតាបិតាជាច្រើនផងដែរ។
លោក ខាន់ ខុន បានបន្តថាកត្តាបីយ៉ាងដែលជួយឲ្យវិស័យអប់រំនៅគ្រប់កម្រិត ទទួលបានជោគជ័យ គឺកត្តានៃការខិតខំឧស្សាហ៍ព្យាយាមរៀនសូត្រ របស់សិស្ស ដោយខ្លួនឯង បន្ទាប់មកគឺកត្តាជំរុញផ្តល់នូវការលើកទឹកចិត្តពីសំណាក់ឪពុក ម្តាយ-អាណាព្យាបាល ក្រុមគ្រួសារ និងកត្តាទី៣ គឺកត្តាសាលារៀន លោកគ្រូអ្នកគ្រូ ក្នុងការផ្ទេរចំណេះដឹង បង្ហាត់បង្រៀនបណ្តុះបណ្តាលប្រកបដោយគុណវុឌ្ឍិ រួមទាំងការគ្រប់គ្រងរបស់សាលា។
លោក ខាន់ ខុន ក៏បានសម្តែងនូវការអបអរសាទរ ចំពោះការបើកប្រទេសពេញលេញឡើងវិញរបស់រាជរដ្ឋាភិបាល នាំមកនូវកាលានុវត្តភាព សម្រាប់ការស្តារឡើងវិញ លើគ្រប់វិស័យរបស់ជាតិ បន្ទាប់ពីមានវិបត្តិដ៏ធ្ងន់ធ្ងរដោយជំងឺឆ្លងកូវីដ-១៩ អស់រយៈពេលជាង២ឆ្នាំកន្លងមក។ ប្រទេសកម្ពុជាត្រូវបានវិលត្រឡប់មកវិញ ក្នុងប្រក្រតី ភាព ថ្មីនេះ ជាក្តីសង្ឃឹមជាថ្មីដែលថ្នាលផលិតធនធានមនុស្សរបស់កម្ពុជា បានងើបចេញពីវិបត្តិកូវីដ-១៩ និង បានបន្តបំពេញតួនាទីរបស់ខ្លួនឆ្លើយតប តាមស្ថានភាពនៃការស្តារ អភិវឌ្ឍន៍ របស់ប្រទេសជាតិ។
ជាមួយគ្នានោះលោក ខាន់ ខុន ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវខិតខំរៀនសូត្រទាំងភាសាជាតិ និងភាសារបរទេស ដោយចាប់ផ្តើមពីពេលនេះតទៅ ទាំងជំនាញទន់ និងបន្តទៅជំនាញរឹង ហើយកំណត់ទិសដៅរបស់ខ្លួនឲ្យបានច្បាស់លាស់ទាំងឥរិយាបទ អត្តចរិកថ្លៃថ្នូសក្តិសមជាកូនខ្មែរ មានសមត្ថភាព បើខ្វះការសិក្សាអប់រំជីវិត ក៏គ្មានគុណភាពដែរ។
លោក ខេង សុគន្ធ បានលើកឡើងថា មជ្ឈមណ្ឌលរបស់លោកត្រូវបានកើតឡើងដោយផ្ដើមចេញពីការបង្រៀន នៅតាមក្រោមផ្ទះ រហូតបានក្លាយជាមជ្ឈមណ្ឌល។ មជ្ឈមណ្ឌលក៏ធ្លាប់បានផ្តល់វិញ្ញាបនបត្របញ្ចប់វគ្គសិក្សាជូនដល់សិស្សប្រមាណ ៥០០ នាក់ក្នុងឆ្នាំ២០១៨ ម្តងរួចមកហើយ។
លោកបានបន្តទៀតថា មជ្ឈមណ្ឌលក៏បានផ្ដល់ជូនអាហាររូបករណ៍ដល់ប្អូនដែលគ្មានលទ្ធភាពចូលរៀន ហើយក៏បានលើកទឹកចិត្តដល់សិស្សដែលបានខិតខំរៀនសូត្រ និងរៀនដោយឥតគិតថ្លៃរយៈពេល ៣ខែ ហើយលោកក៏មានចក្ខុវិស័យវែងឆ្ងាយគិតគូរដល់យុវជន យុវនារី ជាសសរទ្រូងនៃប្រទេសជាតិផ្ទាល់ឱ្យមានជំនាញផ្ទាល់ ខ្លួនដូចជា ភាសាអង់គ្លេសសម្រាប់ធ្វើការទំនាក់ទំនងដើម្បីឱ្យខ្លួនក្លាយជាធនធានមួយពិតយ៉ាងពិតប្រាកដផងដែរ៕