(ភ្នំពេញ)៖ នារសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា (CMDF) និងលោក Muhammad Daud Muhammad Arif នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាលេីកកម្ពស់សេវាកម្មសុខាភិបាលម៉ាឡេស៊ី (MHTC) បានអញ្ជើញចុះអនុស្សរណៈយោគយល់គ្នា (MoU) រវាង CMDF និង MHTC ដើម្បីផ្តល់សេវាកម្មព្យាបាលជំងឺនៅប្រទេសម៉ាឡេសុី និងផ្លាស់ប្តូរបទពិសោធន៍លើវិស័យសុខាភិបាលរវាងកម្ពុជា-ម៉ាឡេសុី ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានលើកពីគោលបំណងសំខាន់នៃអនុស្សារណៈនេះ គឺដើម្បីផ្តល់ឱកាស និងជំរើសបន្ថែមទៀត ជូនដល់អ្នកជំងឺកម្ពុជា ក្នុងការទទួលបាននូវបទពិសោធន៍ថ្មីនៃការព្យាបាល ជាមួយនិងភាពទំនើបនៃវិស័យវេជ្ជសាស្រនៃប្រទេសម៉ាឡេស៊ី។
លោកបណ្ឌិត បានបន្តថា ពិធីចុះ MoU ថ្ងៃនេះ គឺជាការចូលរួមចំណែកបន្ថែម និងផ្ដល់ជម្រើសជូនអ្នកជំងឺកម្ពុជា ឲ្យកាន់តែទូរលំទូលាយ លើការសម្រេចចិត្តក្នុងការទទួលយកសេវាកម្មព្យាបាលសុខភាព ដែលមានតម្លៃសេវាកម្ម ទាបជាងទីផ្សារ ពី ៥០% ទៅ ៦០%។ ជាពិសេស សេវាកម្មនេះ ក៏ធានាផ្ដល់ជូននៅសន្តិសុខលើការធ្វើដំណើរ ស្នាក់នៅ ម្ហូបអាហារហាឡាល ដែលប្រកបទៅដោយផាសុកភាព។
ជាការពិត រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេស វិស័យសុខាភិបាល ក៏មានការរីកចម្រើនគួរឲ្យកត់សំគាល់ ដែលស្តែងឲ្យឃើញតាមរយៈ សមត្ថភាពនៃការគ្រប់គ្រងការរីករាលដាលនៃ ជំងឺកូវីដ១៩ ការពង្រីកនូវហេដ្ឋារចនាសម្ពន្ធ័ សេវាសុខាភិបាលសារធារណៈ និងការបណ្តុះបណ្តាលធនធានមនុស្សស្រប និងកម្រិតអន្តរជាតិ។
លោក Muhammad Daud Muhammad Arif បានសំដែងនូវសេចក្តីសោមនស្សរីករាយដែលបានសហការជាមួយ CMDF។ លោកសង្ឃឹមយ៉ាងមុតមាំថា CMDF នឹងក្លាយជាដៃគូរសហការណ៍ដ៏សំខាន់របស់ MHTC នៅក្នុងប្រទេសកម្ពុជា ដើម្បីសម្របសម្រួល ជូនអ្នកជំងឺប្រឹក្សាយោបល ជ្រើសរើសមន្ទីរពេទ្យ និងគ្រូពេទ្យឯកទេសជូន។ ជាមួយគ្នានោះ ក៏អាចនឹងផ្តល់នូវឱកាសនៃការផ្លាស់ប្តូរបទពិសោធន៍ សម្រាប់គ្រូពេទ្យនៃប្រទេសទាំងពីរផងដែរ។
សូមជម្រាបផងដែរថា MHTC ជាស្ថាបន័ឯកជនមួយ ដែលចូលរួមលើកម្ពស់សេវាសុខាភិបាល និងសុខុមាលភាពប្រជាជន ទាំងក្នុងប្រទេសម៉ាឡេស៊ី និងក្នុងតំបន់។ MHTC មានមន្ទីរពេទ្យដែលជាសមាជិកមានចំនួន៧៩៕