(សៀមរាប)៖ អាជ្ញាធរសវនកម្មជាតិ នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការផ្សព្វផ្សាយច្បាប់ស្តីពីសវនកម្ម និងស្តង់ដារសវនកម្មសាធារណៈ នៃព្រះរាជាណាចក្រកម្ពុជា» ជូនថ្នាក់ដឹកនាំ និងមន្ត្រី នៅតាមមន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ និងថ្នាក់ដឹកនាំក្រុង ស្រុក និងឃុំ សង្កាត់ នៃរដ្ឋបាលខេត្តសៀមរាប។

ពិធីនេះដែរបានធ្វើឡើងក្រោមវត្តមានលោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពីលោក សួន សិទ្ធី អគ្គសវនកររង និងជាតំណាងលោកស្រី សោម គីមសួគ៌ អគ្គសវនករនៃអាជ្ញាធសវនកម្មជាតិ លោកបណ្ឌិត ព្រហ្ម វិចិត្រសុភ័ណ្ឌ អគ្គលេខាធិការរង និងជាគ្រូឧទ្ទេសនាមនៃអាជ្ញាធរសវនកម្មជាតិ រួមទាំងសិក្ខាកាម ជាច្រើនរូបទៀតផងដែរ។

លើកឡើងនាឱកាសនោះ លោក អ៊ឹង គឹមលាង បានបញ្ជាក់ថា ការរៀបចំសិក្ខាសាលានាពេលនេះ គឺជាឱកាសដ៏ពិសេសមួយ ក្នុងការស្វែងយល់អំពីច្បាប់ និងស្តង់ដារ សវនកម្មសាធារណៈនៃព្រះរាជាណាចក្រម្ពុជា ដើម្បីរួមចំណែកធ្វើទំនើបកម្មសវនកម្មលើវិស័យសាធារណៈ ក្នុងគោលដៅចូលរួមពង្រឹងសមត្ថភាពស្ថាប័ន និងបង្កើនជំនឿទុកចិត្តពីអង្គភាពរងសវនកម្ម និងសាធារណរជន។ តាមរយៈសិក្ខាសាលានេះលោកជឿជាក់ថា សិក្ខាកាមនឹងខិតខំស្វែងយល់នូវចំណុចសំខាន់ៗ និងដកស្រង់យកបទពិសោធន៍ថ្មីៗពីច្បាប់នេះ សម្រាប់យកទៅអនុវត្តន៍ជាក់ស្ដែងនៅក្នុងអង្គភាពរបស់ខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោក សួន សិទ្ធី បានបញ្ជាក់ដែរថា អង្គសិក្ខាសាលានាពេលនេះ មានគោលដៅចូលរួមពង្រឹង និងបង្កើនសមត្ថភាព ដល់មន្ត្រីរាជការដែលបំពេញការងានៅរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បីគាំទ្រយន្តការអនុវត្តការងារសវនកម្មប្រកបដោយកម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និងស័ក្កសិទ្ធភាព ក្នុងការសម្រេចគោលបំណង ធ្វើឱ្យមានអភិបាលកិច្ចល្អ និងចូលរួមចំណែកកាត់បន្ថយ និងទប់ស្កាត់នូវរាល់កំហុសឆ្គងលើការគ្រប់គ្រង និងប្រើប្រាស់ថវិកាជាតិ ការគ្រប់គ្រងធនធានទ្រព្យសម្បត្តិរដ្ឋ ដើម្បីឈានទៅបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋ។

លោកបន្តថា ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ នៅក្នុងខេត្តសៀមរាប មិនមែនជាលើកទី១នោះទេ ហើយក៏មិនមែនធ្វើតែម្តងចប់នោះដែរ ការផ្សព្វផ្សាយច្បាប់ ត្រូវធ្វើជាប្រចាំសំដៅជំរុញក្រើនរម្លឹកដល់អ្នកដែលអនុវត្តការងារប្រចាំថ្ងៃអាចចៀសផុតពីកំហុសឆ្គង។

លោក ព្រហ្ម វិចិត្រសុភ័ណ្ឌ បានឱ្យដឹងដែរថា សិក្ខាសាលានេះមានចំណុចសំខាន់ៗ រួមមាន៖ ទី១៖ សាវតាស្ថាប័នអាជ្ញាធរ សវនកម្មជាតិទី២៖ ហេតុអ្វីត្រូវមានច្បាប់ ស្តីពីសវនកម្មនៃព្រះរាជាណាចក្រកម្ពុជា ទី៣៖ ខ្លឹមសារនៃច្បាប់សវនកម្មនៃព្រះរាជាណាចក្រកម្ពុជា និង ទី៤៖ ស្តង់ដារសវនកម្មសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សិក្ខាម។

ជាមួយនេះដែរ អាជ្ញាធរសវនកម្មជាតិ គឺជាស្ថាប័នសាធារណៈឯករាជ្យអំពីកិច្ចប្រតិបត្តិការការងារ និងមានភារកិច្ចធ្វើការត្រួតពិនិត្យ និងផ្តល់អនុសាសន៍កែតម្រូវ លើរាល់កំហុសឆ្គងរបស់អង្គភាពរងសវនកម្ម ព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារ ជូនស្ថាប័ននីតិបញ្ញត្តិ ពោលគឺ រដ្ឋសភា និងព្រឹទ្ធសភា និងចម្លងជូន រាជរដ្ឋាភិបាល និងរបាយការណ៍សវនកម្មត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរ៕