(ព្រះវិហារ)៖ អភិបាលរងខេត្តព្រះវិហារ ចំនួន៤រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព លោក អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
ពិធិនេះក៏មានការចូលរួមពី លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃរដ្ឋបាលខេត្តព្រះវិហារជាច្រើនរូបទៀតផងដែរ។
មន្ត្រីរាជការ៤រូប ដែលត្រូវបានសម្តេចតេជោ ហ៊ុន សែន តែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តព្រះវិហារ រួមមាន៖
*ទី១៖ លោក មិន សុីថា
*ទី២៖ លោក អ៊ុក កឹមសាន
*ទី៣៖ លោក សុខ សាន្តតារ៉ា
*ទី៤៖ លោក យឹម បញ្ញា។
ថ្លែងក្នុងឱកាសនោះ លោក អ៊ុំ ម៉ារ៉ា បានសម្ដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ធ្វើការសហការគ្នាក្នុងការអភិវឌ្ឍន៍ ឲ្យខេត្តមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
លោកក៏បានជំរុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឲ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឲ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខរបស់ប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឲ្យបានទាន់ពេលវេលា។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្ត ឲ្យកាន់តែមានការអភិវឌ្ឍជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរឡើង និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោករដ្ឋលេខាធិការ ក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឲ្យទទួលបានជោគជ័យថែមទៀត៕