(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានចេញបំភ្លឺ លើការសរសេរអក្សរខ្មែរ «ខុស» នៅលើស្លាកសម្គាល់ភូមិសាស្ត្រតាមបណ្តោយផ្លូវល្បឿនលឿន។ ការបំភ្លឺនេះ បន្ទាប់ពីមានការប្រតិកម្មច្រើនពីមហាជន។

មន្ត្រីជាន់ខ្ពស់ក្រសួង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចំពោះស្លាកសញ្ញានេះគឺក្រុមហ៊ុនចិន ដែលជាក្រុមហ៊ុន សាងសង់ផ្លូវល្បឿនលឿន បានយកទៅធ្វើនៅប្រទេសចិន និងបានយកមកដំឡើងសាកល្បង ដោយមិនទាន់បានឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញនោះទេ។ ក្រោយជំនាញបានត្រួតពិនិត្យ គឺរកឃើញស្លាកសញ្ញាមានកំហុសជាច្រើនផ្ទាំងបន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់រូបនេះ បានបន្ថែមថា នៅពេលនេះមន្ត្រីជំនាញក៏បានណែនាំឱ្យក្រុមហ៊ុនកែសម្រួលឡើងវិញ និងតម្រូវឱ្យដំឡើងឱ្យបានរួចរាល់មុន ថ្ងៃដាក់ឱ្យប្រើប្រាស់ សាកល្បងផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុនេះ នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ខាងមុខនេះផងដែរ។

សូមជម្រាបជូនថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧.០៥គីឡូម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ផ្លូវនេះអនុវត្តការសាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេសដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ម៉ែត្រ មានផ្លូវបំបែកទិស ៧កន្លែង មានកន្លែងឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្ត១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤កន្លែង ស្ពានធំ និងស្ពានមធ្យមចំនួន៤០កន្លែង ស្ពានតូចចំនួន៥កន្លែង ដែលឆ្លងកាត់រាជធានីភ្នំពេញប្រមាណ ៨គីឡូម៉ែត្រ និងខេត្តចំនួន០៤បួន ក្នុងនោះ៖ ខេត្តកណ្តាលប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ។

គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាគម្រោងផ្លូវល្បឿនលឿនទី១ និងជាគម្រោងផ្លូវ របៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញទៅ ផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ៕