(ភ្នំពេញ)៖ កងទ័ពជើងអាកាសប្រមាណ ៣៦រូប ត្រូវបានហ្វឹកហ្វឺនបន្ថែមលើជំនាញបច្ចេកទេសឧទ្ធម្ភាគចក្រ Z-9។ ការហ្វឹកហ្វឺនត្រូវបានបញ្ចប់ទៅដោយជោគជ័យ ជាមួយការវាយតម្លៃខ្ពស់ពីថ្នាក់ដឹកនាំកងទ័ពជើងអាកាស។

ពិធីបិទវគ្គសិក្សា និងប្រគល់វិញ្ញាបនបត្រ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស។ ក្នុងពិធីនោះមានវត្តមានមេបញ្ជាការរង ប្រធានស្នងការហ្វឹកហ្វឺន ប្រធានស្នងការបច្ចេកទេស ប្រធានស្នងការភស្តុភារ និងយោធាចារ្យសរុបចំនួន ២១៨នាក់។

កម្មវិធីសិក្សាបំប៉នជំនាញបច្ចេកទេសមានរយៈពេល ៤សប្តាហ៍ ស្មើនឹង ១០០ម៉ោង ជាពេលវេលាដែលក្រុមនាយទាហានបច្ចេកទេសត្រូវសិក្សាទ្រឹស្តី និងអនុវត្តការងារជួសជុលឧទ្ធម្ភាគចក្រជាក់ស្តែងស្របតាមនីតិវិធី និងបទដ្ឋានបច្ចេកទេសអន្តរជាតិ។

លោកវរសេនីយ៍ឯក ហេង វណ្ណថា ស្នងការរងស្នងការបច្ចេកទេស បានគូសបញ្ជាក់ជូនអង្គពិធីថា ការងារជួសជុលឧទ្ធម្ភាគចក្រតម្រូវឱ្យនាយទាហានបច្ចេកទេសចំនួន ៣៦នាក់ ត្រូវបំពេញការងារជាក់ស្តែងជាមួយយោធាចារ្យដូចជាការបញ្ឆេះម៉ាស៊ីនឧទ្ធម្ភាគចក្រនៅផ្ទៃដី និងត្រួតពិនិត្យរាល់ដំណើរការប្រព័ន្ធនានា ដើម្បីពង្រឹងគុណភាព និងសមត្ថភាពនាយទាហានបច្ចេកទេស ដែលទើបបញ្ចប់ពីសាលាបច្ចេកទេសនៅក្រៅប្រទេស។

នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងអាកាស បានអបអរសាទ និងកោតសរសើរចំពោះកិច្ចខិតខំរៀនសូត្ររហូតទទួលបានជោគជ័យ។ នាយឧត្តមសេនីយ៍ បានផ្តល់អនុសាសន៍ក្រើនរំលឹកដល់នាយទាហានបច្ចេកទេសកងទ័ពជើងអាកាស ត្រូវចេះយកចិត្តទុកដាក់ថែទាំឧទ្ធម្ភាគចក្រ ដែលជាគ្រឿងបំពាក់ដ៏មានតម្លៃរបស់រាជរដ្ឋាភិបាលកម្ពុជា។

នាយឧត្តមសេនីយ៍ សឹង សំណាង បានលើកឡើងថា បច្ចុប្បន្នបច្ចេកវិទ្យាផ្នែកអាកាសចរណ៍ មានការវិវឌ្ឍន៍ទៅមុខលឿន ដូចនេះការបណ្តុះបណ្តាលធនធានមនុស្សជាតម្រូវការចាំបាច់បំផុតក្នុងពេលប្រទេសកំពុងមានសុខសន្តិភាពដែលជាឱកាសឱ្យនាយទាហានយើងបានសិក្សាបំប៉នបច្ចេកទេសបន្ថែមជាប្រចាំដោយគ្មានពេលបញ្ចប់។

លោក បានថ្លែងក្រើនរំលឹកដូច្នេះថា «ពេលចេញពីសាលាបច្ចេកទេស ខ្លួនយើងមិនទាន់មានសមត្ថភាពគ្រប់គ្រាន់សម្រាប់បំពេញការងារត្រួតពិនិត្យឧទ្ធម្ភាគចក្រនោះទេ ដូចនេះនាយទាហានបច្ចេកទេសត្រូវរៀន និងសិក្សាស្វែងយល់ជាបន្តបន្ទាប់។ មួយវិញទៀតតម្លៃសម្រាប់សិក្សាជំនាញអាកាសយានិកមានតម្លៃច្រើនជាងមួយលានដុល្លារអាមេរិក ឯអ្នកបច្ចេកទេស ក៏មានតម្លៃថ្លៃរហូតរាប់សែនដុល្លារអាមេរិក អាស្រ័យហេតុនេះ សូមនាយទាហានបច្ចេកទេសត្រូវព្យាយាម កុំខ្ជិលច្រអូស ពីព្រោះការសិក្សាបំប៉នបន្ថែមនាយទាហានយើងមិនបានបង់ប្រាក់ទេ ត្រូវយល់ថាវិញ្ញាបនបត្របញ្ជាក់មួយសន្លឹកនេះ វាជាសក្ខីបត្រដ៏ប្រសើរសម្រាប់អនាគតនាយទាហានយើង។ ការហោះហើរមានសុវត្ថិភាពដោយសារតែក្រុមបច្ចេកទេសជាអ្នកត្រួតពិនិត្យប្រកបដោយជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពស្របតាមបទដ្ឋានបច្ចេកទេស»