(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា និងអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា នៅថៃ្ងទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានសហការគ្នា បើកសិក្ខាសាលាប្រឹក្សាយោបល់ស្តីពី «ការតម្រង់គោលនយោបាយលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ» នៅសណ្ឋាគារ Hyatt Regerncy Phnom Penh។
សិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា។
ក្នុងឱកាសនោះ លោកស្រី ភឿង សកុណា បានថ្លែងថា សិក្ខាសាលាប្រឹក្សាយោបល់នេះ មានគោលបំណងផ្សព្វផ្សាយរបាយការណ៍ដែលចេញផ្សាយដោយយូណេស្កូ និងពិនិត្យមើលគោលនយោបាយនានា ដែលមានស្រាប់នៅតាមបណ្តាក្រសួងស្ថាប័នជាតិ ព្រមទាំងសិក្សារៀនសូត្រ ដកស្រង់ពិសោធន៍ពីបណ្ដាប្រទេសនានា ដើម្បីកែតម្រង់គោលនយោបាយលើកស្ទួយដល់ឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ នៅកម្ពុជា៕