(ភ្នំពេញ)៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងការបើកវគ្គបណ្ដុះបណ្ដាលថ្នាក់ សុក្រឹត្យការជំនាន់ទី១៤ជូនមន្ត្រីបុគ្គលិកចំនួន៦០រូប មកពីបណ្ដាសាខារាជធានី-ខេត្ត ក្នុងក្របខណ្ឌធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

លោក ជា ចាន់តូ បានលើកឡើងថា ការបណ្ដុះបណ្ដាលថ្នាក់សុក្រឹត្យការ សម្រាប់មន្ត្រីបុគ្គលិកធនាគាជាតិនៃកម្ពជា ជាផ្នែកមួយក្នុងការពង្រីកចំណេះដឹឱ្យកាន់តែទូលំទូលាយដល់មន្ត្រីបុគ្គលិក សម្រាប់យកទៅអនុវត្តក្នុងមុខងារភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។

លោក ជា ចាន់តូ បានបញ្ជាក់ទៀតថា វគ្គសុក្រឹត្យការដែលធនាគារជាតិនៃកម្ពុជា បានរៀបចំជារៀងរាល់ឆ្នាំកន្លងមកនេះក្រៅពី ផ្ដល់ចំណេះដឹងជំនាញក៏មានបំណងចង់ឲ្យមន្ត្រីបុគ្គលិក ចេះហាត់ពុតលុតដំខ្លួនឲ្យបានសមតាមតួនាទីភារកិច្ចចំបងៗរបស់ខ្លួន ក៏ដូចធនាគារកណ្ដាល និងភារកិច្ចផ្សេងៗដែលជាទិសដៅរួម ក្នុងការឈានឆ្ពោះទៅសម្រេចផែនការដែលជាទិសដៅរួម ដើម្បីឲ្យធនាគារជាតិនៃកម្ពុជា មានការអភិវឌ្ឍរីកចម្រើនសមតាមបរិបទសង្គម និងសេដ្ឋិកិច្ចជាតិស្របតាមកាលៈទេសៈ។

លោកបានបន្ថែមថា លើសពីនេះដើម្បីឲ្យមន្ត្រីធនាគារជាតិនៃកម្ពុជា បានចែករំលែកបទពិសោធន៍ការងារ វាងអង្គភាពមួយទៅអង្គភាពមួយទៀត សម្រាប់ផលប្រយោជន៍រួម ដើម្បីភាពរីកចម្រើនរបស់ស្ថាបន័ ពិសេសការផ្ដល់ឱកាស សម្រាប់ឲ្យមន្ត្រីវ័យក្មេងជាកម្លាំងបន្តវេនមានសមត្ថភាព ទាំងចំណេះដឹង និងចំណេះធ្វើ ព្រមទាំងមានសុជីវធម៌ គុណធម៌ និងមានវិន័យល្អក្នុងកាបំពេញការងារប្រកបដោយភាពម្ចាស់ការ មានសាមគ្គីភាពល្អមានភាពច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់ចំពោះតួនាទីចំភារកិច្ច។

លោក ជា ចាន់តូ ក៏បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់អភិវឌ្ឍចំណេះដឹងរបស់ខ្លួន ដោយស្វ័យសិក្សា ជាពិសេសត្រូវខិតខំត្រង់ត្រាប់ក្រេបយកចំណេះដឹងពី បទឧទ្ទេសនាមដែលមានក្នុងវគ្គសុក្រឹត្យការនេះ ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយ និងសម្រាប់យកទៅអនុវត្តក្នុងមុខងារ និងភារកិច្ចរបស់ខ្លួនចំទិសដៅប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

លោក ចាត សូវីរៈ ប្រធាននាយកដ្ឋានបុគ្គលិកបានឲ្យដឹងថា វគ្គសុក្រឹតការជំនាន់ទី១៤នេះ ដំណើរការចំនួន៦សប្តាហ៍ចាប់ពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដើម្បីឆ្លើយតបទៅនឹងតម្រូវនៃការរីកចម្រើននៃប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា។ ប្រធានបទសំខាន់ៗយកបណ្ដុះបណ្ដាលរួមមាន៖

* លក្ខន្តិកៈដោយឡែកមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ វិជ្ជាជីវៈ និងការគ្រប់គ្រងធនធានមនុស្ស នៅធនាគារជាតិនៃកម្ពុជា។
* ការរៀបចំនិងអនុវត្តគោលនយោបាយរូបិយវត្ថុ។
* នីតិវិធីចងក្រង និងដំឡើងជញ្ជីងទូទាត់ ស្ថិតិរូបិយវត្ថុសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ៗ។
* ការត្រួតពិនិត្យប្រព័ន្ធធនាគារ។
* ការគ្រប់គ្រងទីផ្សារប្តូរប្រាក់។
* ការគ្រប់គ្រងទុនបម្រុងអន្តរជាតិ។
* សម្ព័ន្ធការជាមួយស្ថាប័នហិរញ្ញវត្ថុដទៃ និងរដ្ឋាភិបាល។
* ការគ្រប់គ្រងហិរញ្ញវត្ថុធនាគារកណ្តាល។
* ការគ្រប់គ្រងហានិភ័យធនាគារកណ្តាល និងអភិបាលកិច្ចល្អ។
* ការគ្រប់គ្រងសាច់ប្រាក់។
* ការបោះផ្សាយរូបិយវត្ថុ។
* ការគ្រប់គ្រងប្រព័ន្ធទូទាត់សងប្រាក់។
* ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម រួមនឹងប្រធានបទស្របនឹងស្ថានភាពជាក់ស្តែងមួយចំនួនទៀតផងដែរ៕