(ភ្នំពេញ)៖ កម្មវិធីថ្មីមួយដែលប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិត ឈ្មោះថា WoodAl ត្រូវបានដាក់ឱ្យដំណើរការសាកល្បងនៅកម្ពុជា ដើម្បីគាំទ្រដល់រោងចក្រកាត់ដេរ និងវិស័យវាយនភ័ណ្ឌ ក្នុងការកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិនៅកម្ពុជា។ នេះជាកិច្ចសហការដ៏ប្រសើរមួយក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាដោយភាពច្នៃប្រឌិតរវាងក្រុមហ៊ុន H&M Group និងអង្គការ WWF នៅកម្ពុជា។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសប្បនិម្មិតនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ព្រមទាំងប្រធានក្រុមហ៊ុន H&M Group និងប្រធានអង្គការ WWF ប្រចាំកម្ពុជា និងអ្នកជំនាញមួយចំនួនផងដែរ។
លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ក្រសួងបរិស្ថានសូមសាទរចំពោះការដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបញ្ញាសប្បនិម្មិតសម្រាប់អត្តសញ្ញាណកម្មប្រភេទឈើដែលត្រូវបានបង្កើតឡើងក្រោមភាពជាដគូនៃក្រុមហ៊ុន H&M Group និង អង្គការ WWF។
លោកបានបញ្ជាក់ថា៖ «យើងសូមកោតសរសើរចំពោះគំនិតផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិតនេះពីសំណាក់ អង្គការ WWF និង ក្រុមហ៊ុន H&M Group ហើយសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន H&M Group ក្នុងការរួមចំណែកដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ និងក្នុងការចូលរួមកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិក្នុងខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន»។
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់បន្ថែមថា៖ «កម្មវិធី WoodAI គឺជាការរួមចំណែកដ៏សំខាន់មួយក្នុងការដោះស្រាយកត្តាចម្បងៗមួយចំនួនដែលបង្កឱ្យមានការកាប់បំផ្លាញព្រៃឈើ។ ក្រសួងសូមលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដទៃៗទៀតអនុវត្តតាមគំរូនេះ និងចូលរួមក្នុងកិច្ចការពារ និងថែរក្សាធនធានព្រៃឈើធម្មជាតិ និងសត្វព្រៃ ដើម្បីជាប្រយោជន៍យូរអង្វែងសម្រាប់មនុស្ស និងធម្មជាតិ»។
ទន្ទឹមនឹងនេះ លោកក៏បានអំពាវនាវផងដែរដល់វិស័យឯកជនឱ្យចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ដែលរស់នៅក្នុង និងជុំវិញតំបន់ការពារធម្មជាតិ។ ក្រុមហ៊ុនទាំងអស់ក៏ត្រូវបានលើកទឹកចិត្តឱ្យរួមចំណែកអនុវត្តសកម្មភាពនានាតាមលទ្ធភាពដែលខ្លួនធ្វើបានក្នុងការជួយកាត់បន្ថយសម្ពាធលើព្រៃឈើធម្មជាតិ។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រនូវរាល់គំនិតផ្ដួចផ្ដើមដែលគាំទ្រដល់គោលបំណងនេះ គាំទ្រដល់រាល់គម្រោងមេត្រីភាពបរិស្ថាន ដែលលើកកម្ពស់ការអនុវត្ត និងការគ្រប់គ្រងប្រកបដោយការទទួលខុសត្រូវ និងគាំទ្រដល់ការអភិរក្ស។
កម្មវិធី WoodAl អាចកំណត់អត្តសញ្ញាណប្រភេទឈើបានរហ័ស និងអាចគាំទ្រដល់រោងចក្រកាត់ដេរបន្ថែមទៀតក្នុងការដោះស្រាយបញ្ហាកង្វះព័ត៌មានជុំវិញប្រភពជីវម៉ាសដែលពួកគេប្រើប្រាស់។ កម្មវិធីនេះអាចកំណត់អត្តសញ្ញាណប្រភេទឈើដោយប្រើទូរស័ព្ទដៃទំនើប និងកញ្ចក់ម៉ាក្រូ នៅច្រកចូលនៃរោងចក្រដើម្បីជួយរោងចក្រក្នុងការត្រួតពិនិត្យមើលដើម្បីធានាថាប្រភេទឈើដែលពួកគេប្រើសម្រាប់ផលិតជាថាមពលក្នុងខ្សែសង្វាក់ផលិតកម្ម អនុលោមតាមគោលការណ៍របស់ក្រុមហ៊ុន H&M Group ពោលគឺឈើដែលបានមកពីចម្ការឈើដាំដូចជាស្វាយ និងស្វាយចន្ទីជាដើម ដែលអាចជួយធានាថាមិនរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើធម្មជាតិនោះឡើយ។
លោក សេង ទៀក នាយកអង្គការ WWF កម្ពុជា ថ្លែងយ៉ាងដូច្នេះ៖ «បេសកកម្មរបស់អង្គការ WWF នៅកម្ពុជា គឺអភិរក្សធនធានជីវចម្រុះដ៏សម្បូរបែបនៅក្នុងប្រទេស។ ព្រៃឈើក្នុងប្រទេសកម្ពុជា នៅមានសភាពល្អផ្ដល់អំណោយផលជាទីជម្រកធម្មជាតិយ៉ាងសំខាន់សម្រាប់ប្រភេទសត្វរងគ្រោះថ្នាក់ជិតផុតពូជជាច្រើនប្រភេទ។ ដូច្នេះហើយ យើងតែងរិះរកនូវវិធីសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗប្រកបដោយការច្នៃប្រឌិត តួយ៉ាងដូចជាកម្មវិធី WoodAl នេះ ព្រោះវាអាចដើរតួនាទីមួយក្នុងការជួយកាត់បន្ថយសម្ពាធមួយចំនួនដែលកំពុងគំរាមកំហែងដល់ព្រៃឈើធម្មជាតិ»។
ការផ្ដល់ដល់រោងចក្រនូវបច្ចេកវិទ្យាដែលរួមចំណែកក្នុងការសម្រេចចិត្តបានកាន់តែប្រសើរ គឺជាការបោះជំហានល្អមួយក្នុងការរួមចំណែកកាត់បន្ថយសម្ពាធលើព្រៃឈើ ការពារជីវចម្រុះដ៏សម្បូរបែប និងឆ្លើយតបនឹងបញ្ហាអាកាសធាតុសកល។ វាជាគន្លឹះចាំបាច់ក្នុងវិស័យវាយនភ័ណ្ឌដោយថាមពលដែលគេប្រើក្នុងការផលិតសម្លៀកបំពាក់គឺជាកត្តារួមចំណែកធំបំផុតទៅដល់ការបំភាយឧស្ម័នផ្ទះកញ្ចក់។ ថាមពលនេះត្រូវបានគេប្រើក្នុងខ្សែសង្វាក់ផលិតកម្មដូចជាការបោកគក់ និងការអ៊ុតសម្លៀកបំពាក់ជាដើម ហើយដែលថាមពលនេះមានប្រភពមកពីធ្យូងថ្ម ឧស្ម័ន និងជីវម៉ាសដូចជាឈើនេះជាដើម។
ការប្រើប្រាស់កម្មវិធី WoodAI ជាផ្នែកមួយក្នុងចំណោមវិធីសាស្រ្តផ្សេងៗទៀតរួមគ្នា វាក្លាយជាធនធានដ៏សំខាន់មួយក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងចំការឈើដាំ និងព្រៃឈើធម្មជាតិនៅកម្ពុជាប្រកបដោយការទទួលខុសត្រូវ។
ក្រុមហ៊ុន H&M Group គាំទ្រគម្រោងបែបនេះ ក្នុងគោលបំណងរួមចំណែកក្នុងការការពារប្រព័ន្ធអេកូឡូស៊ីព្រៃឈើឱ្យមានគុណភាពល្អដើម្បីបន្តស្រូបយកឧស្ម័នកាបូនិក។ ការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើមានសារៈសំខាន់ណាស់ក្នុងការរក្សាសីតុណ្ហភាពពិភពលោកឱ្យនៅត្រឹម ១.៥អង្សាសេ ហើយវាក៏មានសារៈសំខាន់ផងដែរសម្រាប់គោលដៅរបស់ក្រុមហ៊ុន H&M Group ក្នុងការសម្រេចបាន net-zero នៅឆ្នាំ២០៤០។
លោក Christer Horn af Aminne នាយកក្រុមហ៊ុន H&M Group ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា៖ «វាពិតរំភើបណាស់សម្រាប់ការសាកល្បងអនុវត្តបច្ចេកវិទ្យាថ្មីនេះនៅកម្ពុជា និងស្វែងរកនូវវិធីសាស្ត្រថ្មីៗ ដើម្បីគាំទ្រដល់កិច្ចការរបស់យើងជាមួយបណ្តាក្រុមអ្នកផ្គត់ផ្គង់ ដែលអាចជួយកាត់បន្ថយហេតុប៉ះពាល់អវិជ្ជមានលើព្រៃឈើធម្មជាតិរបស់កម្ពុជា»៕