(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះធ្វើការផ្សព្វផ្សាយស្តីអំពីច្បាប់ អគ្គិភ័យ បង្ហាត់ បង្រៀន ហ្វឹកហាត់ ជំនាញ បង្ការ និងពន្លត់អគ្គីភ័យ ការបង្ការទប់ស្កាត់គ្រោះមហន្តរាយដោយសារអគ្គិភ័យ និងការបង្ហាត់បង្រៀនអនុវត្តជាក់ស្តែង ពេលមានគ្រោះថ្នាក់អគ្គិភ័យកើតមានទ្បើងជាយថាហេតុដល់ បុគ្គលិកក្រុមហ៊ុន Betagro Cambodia Co.,Ltd ដោយមានការស្នើសុំពីម្ចាស់ក្រុមហ៊ុន។
ដោយនៅក្នុងនោះដែរ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានណែនាំដល់បុគ្គលិកក្រុមហ៊ុនទាំងអស់ ត្រូវយកចិត្តទុកដាក់នៅក្នុងការជួយសង្គ្រោះបឋមនៅពេលកើតមានគ្រោះអគ្គិភ័យ ដោយក្នុងនោះ យើងត្រូវចេះអំពីរបៀបប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យបឋម សម្រាប់ការជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ក៏បានបន្តទៀតថា នៅពេលដែលលោកអ្នក ជួបនៅបញ្ហាគ្រោះអគ្គិភ័យកើតឡើង សូមធ្វើការរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញពន្លត់អគ្គិភ័យ និងប្រាប់អំពីទីតាំងច្បាស់លាស់ ងាយស្រួលដល់កម្លាំង សមត្ថកិច្ចជំនាញ ចេញប្រតិបត្តិការជួយសង្គ្រោះលោកអ្នកបានទាន់ពេល។ ប្រសិនបើលោកអ្នកមានបញ្ហាមនុស្សជាប់នៅក្នុងផ្ទះ, អាគារ, រោងចក្រ និងឃ្លាំង។ល។ ត្រូវតែផ្តល់ព័ត៌មាន ឲ្យបានជាក់លាក់ ដើម្បីងាយស្រួលឱ្យសមត្ថកិច្ចយើងអន្តរាគមន៍ទាន់ពេល។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានបញ្ជាក់ថា ដោយនៅក្នុងការបង្ហាត់បង្រៀនហ្វឹកហ្វឺនអំពីវិធានការបង្ការទប់ស្កាត់អគ្គិភ័យខាងលើនេះ លោកបានឲ្យបុគ្គលិកក្រុមហ៊ុន ធ្វើការអនុវត្តជាក់ស្តែងក្នុងការប្រើប្រាស់ បំពង់ពន្លត់អគ្គិភ័យ ដើម្បីបាញ់ពន្លត់ចំពោះទីតាំងដែលមានអណ្តាតភ្លើងឆាបឆេះ និងការប្រើប្រាស់ទុយោបាញ់ទឹកផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ ការិយាល័យ ក៏បានសំណូមពរដល់បុគ្គលិកក្រុមហ៊ុនទាំងអស់ ត្រូវតែយចិត្តទុកដាក់ខ្ពស់ក្នុងការជួយសង្គ្រោះបឋមជាមុនសិន នៅពេលរថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំង៕