(ភ្នំពេញ)៖ សំណុំរឿងប្ដីប្រពន្ធឈ្លោះគ្នា ហើយត្រូវឪពុកចូលទៅជួយឃាត់ ប៉ុន្ដែកូនបង្កើតជ្រុលចាក់ត្រូវឪពុកបណ្ដាលឲ្យរបួសធ្ងន់ កាលពីឆ្នាំ២០២១ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវបានចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ លោកស្រី ឈុន ដាវី សម្រេចនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ឲ្យប្ដីរួចផុតពីបទចោទ ខណៈប្រពន្ធកំណត់ឲ្យជាប់ពន្ធនាគារ១៣ខែ។

ភ្នាក់ងារ Fresh News ប្រចាំតុលាការ បានឲ្យដឹងថា ជនរងគ្រោះក្នុងសំណុំរឿងនេះ ឈ្មោះ ប៊ុន សុវណ្ណា អាយុ៦០ឆ្នាំ រស់នៅខណ្ឌមានជ័យ ត្រូវបានកូនស្រីបង្កើតជ្រុលដៃចាក់មួយកាំបិត ខណៈឪពុកចូលទៅជួយឃាត់ពេលឈ្លោះគ្នាជាមួយប្ដីឈ្មោះ ប៊ុន សូហ្វែរ អាយុ៣០ឆ្នាំ និងប្ដីជាកូនប្រសារឈ្មោះ ហេង សៅរស្មី អាយុ៣១ឆ្នាំ។

លោកស្រី ឈុន ដាវី បានកំណត់ឲ្យស្ដ្រីឈ្មោះ ប៊ុន សូហ្វែរ ដែលជាកូនបង្កើតរបស់ជនរងគ្រោះ ជាប់ពន្ធនាគាររយៈពេល១៣ខែ ក្រោមបទចោទ «ឃាតកម្ម» តាមបញ្ញត្តិមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។

ពាក់ព័ន្ធករណីនេះ បណ្ដាញព័ត៌មាន Fresh News មិនទាន់អាចសុំការបញ្ជាក់ពីលោក ទី មុន្និន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បាននៅឡើយទេ ហើយក៏មិនទាន់ដឹងថា តើខាងតំណាងអយ្យការ ប្តឹងឧទ្ធរណ៍ ឬុមិនប្តឹងចំពោះការសម្រេចរបស់លោកស្រី ចៅក្រមនូវសាលក្រមខាងលើនេះឬយ៉ាងណា។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ មានប្តីប្រពន្ធពីរនាក់ បានឈ្លោះប្រកែកគ្នា រហូតក្លាយទៅជាអំពើហិង្សាកាប់ចាក់ក្នុងគ្រួសារ ទំនាស់ផ្តើមចេញពីភ្លើងប្រច័ណ្ឌ។ ស្របពេលនោះ ស្ដ្រីជាប្រពន្ធ បានស្ទុះទៅយកកាំបិត ពីក្បាលដំណេកបម្រុងចាក់ប្តី តែត្រូវឪពុក និងប្តី ចាប់ប្រតាយប្រតប់ដណ្តើមយកកាំបិត ជាហេតុធ្វើឲ្យស្ត្រីជ្រុលដៃ ចាក់ទៅលើឪពុកជាច្រើនកាំបិត បណ្តាលឲ្យឪពុករងរបួសធ្ងន់ធ្ងរ៕