(តាកែវ)៖ លោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមតំណាងលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃ២៥ ខែសីហា ឆ្នាំ ២០២២ បានអញ្ជើញចូលរួមពិធីប្រកាសអនុវត្តគម្រោងកញ្ចប់ នៃក្ដីស្រឡាញ់ស្ថិតនៅក្នុងភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ថ្លែងនៅក្នុងពិធីនោះលោក កឹម រ័ត្នវិសិដ្ឋ ប្រធានវេទិការសម្ព័ន្ធសង្គមស៊ីវិល បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៧ វេទិកាសម្ព័ន្ធសង្គមស៊ីវិល បានពង្រីកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការសង្គមស៊ីវិលចិន ការសម្របសម្រួលបណ្ដាញអង្គការមិនមែនរដ្ឋាភិបាលចិន ទំនាក់ទំនងអន្តរជាតិ CNIE ជាសេនាធិការផ្ទាល់ក្រសួងទំនាក់ទំនងបរទេសចិន។
លោកបន្តថា វេទិកាសម្ព័ន្ធសង្គមស៊ីវិល សហការជាមួយមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ CFPD និងអង្គការមិនមែនរដ្ឋាភិបាលចិនជាច្រើនទៀត ក្នុងការអនុវត្តគម្រោងជាច្រើន ដោយទទួលជោគជ័យពាក់ព័ន្ធ និងវិស័យអប់រំ សុខាភិបាល ទឹកស្អាត អនាម័យ និងអភិវឌ្ឍន៍ជនបទ ដែលសរុបជាទឹកប្រាក់ប្រមាណ២លាន៦សែនដុល្លារ។
លោក កឹម រ័ត្នវិសិដ្ឋ បានមានប្រសាសន៍បន្ថែមថា នៅក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ នៅកម្ពុជាវេទិការសម្ព័ន្ធសង្គមស៊ីវិល បានសហការជាមួយមូលនិធិចិន ដើម្បីសន្តិភាព និងការអភិវឌ្ឍ ដោយបានសម្របសម្រួលឲ្យក្រុមអ្នកជំនាញការ ស្ម័គ្រចិត្តអង្គការសង្គ្រោះមេឃពណ៌ខៀវ នៃប្រទេសចិន បំពេញបេសកកម្មការងារបាញ់ថ្នាំសម្លាប់មេរោគនៅកម្ពុជាអំឡុងខែឧសភា ឆ្នាំ២០២០ ព្រមទាំងបាននាំមកនូវជំនួយជាសំភារៈមួយចំនួន ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ។
លោក ជា វ៉ាន់ដេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែជួយគាំទ្ររដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងនាមជាមិត្តល្អ មិត្តប្រវត្តិសាស្ត្រ និងអ្នកជិតខាងដ៏ល្អ។ លោករដ្ឋមន្រ្តី រំពឹងថា គម្រោងកិច្ចសហប្រតិបត្តិការរវាងអង្គការសង្គមស៊ីវិល នៃប្រទេសទាំងពីរកម្ពុជា-ចិន កន្លងមក មិនត្រឹមតែផ្ដល់ផលប្រយោជន៍ប្រាកដ និងដោយផ្ទាល់ជាច្រើនដល់ប្រជាជនកម្ពុជានៅមូលដ្ឋាន តាមរយៈការលើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយចូលរួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ កាន់ជិតស្និទ្ធថែមទៀត។ ជាផ្លែផ្កាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
លោក លីវ ជានឆាវ បានថ្លែងថា កម្ពុជា-ចិន គឺជាមិត្តភក្តិពិតប្រាកដ ជាអ្នកជិតខាងល្អ និងជាបងប្អូនបង្កើតដ៏ល្អ ហើយតាមរយ:កិច្ចសហប្របត្តិការរវាងអង្គការសង្គមស៊ីវិលប្រទេសទាំង២ វាផ្ដល់ផលប្រយោជន៍ដល់ប្រជាជនមូលដ្ឋានកាន់តែជីវភាពល្អប្រសើរ សិស្សានុស្សមានអនាគតល្អ ជាពិសេសវានឹងជួយជំរុញឲ្យមនោសញ្ចេតនារួមសុខទុក្ខគ្នារវាងប្រទេសកម្ពុជា និងចិនកាន់តែរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ជាក់ជាពុំខាន៕