(ពោធិ៍សាត់)៖ លោក ចេង ឡៃ តំណាងលោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤-២៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញបើកសិក្ខាសាលា សមាហរណកម្មវិនិយោគ ៣ឆ្នាំរំកិល ថ្នាក់ស្រុក ឆ្នាំ(២០២៣-២០២៥) សម្រាប់រដ្ឋបាលស្រុកភ្នំក្រវាញ និងរដ្ឋបាលស្រុកវាលវែង ដោយបានការអញ្ជើញចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ និងអាជ្ញាធរឃុំជាច្រើននាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយមន្ទីរផែនការខេត្ត និងក្រោមការសម្របសម្រួល ដោយរដ្ឋបាលស្រុកនីមួយៗ ក្នុងគោលបំណងបង្កឱកាសឱ្យមានការគាំទ្រគម្រោងសកម្មភាពអាទិភាពវិនិយោគ ស្រុកជាមួយឃុំ ឃុំជាមួយឃុំ ស្រុកជាមួយមន្ទីរ អង្ភភាព អង្គការជាតិ អន្តរជាតិ និងដៃគូរអភិវឌ្ឍន៍។

បន្ទាប់ពីលោក ហេង សុភាណា អភិបាលស្រុកភ្នំក្រវាញ និងលោក សូ សាហុង អភិបាលស្រុកវាលវែង បានជម្រាបជូនអំពីស្ថានភាព និងភូមិសាស្ត្រក្នុងមូលដ្ឋានស្រុកនោះរួចមក លោក ចេង ឡៃ អភិបាលខេត្តស្តីទី បានលើកឡើងថា គម្រោងវិនិយោគជាអាទិភាព ស្ដីពីការដាក់ឲ្យប្រើប្រាស់សេចក្តីណែនាំបច្ចេកទេស ស្ដីពីការរៀបចំ និងការកសាងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ខេត្ត និងយោងលើប្រតិទិនការងារ សម្រាប់ការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ៣ឆ្នាំរំកិលរបស់ស្រុក និងសកម្មភាពវិនិយោគ គឺជាគម្រោងសកម្មភាព ត្រូវចំណាយមូលនិធិ ដោយមានពេលចាប់ផ្ដើម និងពេលបញ្ចប់ច្បាស់លាស់ដែលបានរៀបចំឡើង សម្រាប់ឆ្នាំ និងធ្វើបច្ចុប្បន្នភាពជារៀងរាល់ឆ្នាំ។

លោក ចេង ឡៃ បានបន្ថែមទៀតថា ការរៀបចំបែបនេះ នាំមកនូវភាពងាយស្រួល ក្នុងការបង្ហាញពីអ្វីមួយ ដែលបម្រុងនឹងអនុវត្តន៍នៅឆ្នាំខាងមុខ។ គម្រោងបង្កើនទ្រព្យសម្បត្តិសាសាធារណៈ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសេវាអរូបវន្ត រួមទាំងសេវានានា សម្រាប់ឆ្លើយតបតាមតម្រូវការជាអាទិភាពរបស់ប្រជាពលរដ្ឋ។

លោកបានបន្តទៀតថា ប្រសិនជាអស់លោក លោកស្រី ដែលជាអ្នកតំណាងស្ថាប័ន សង្គមស៊ីវិល និងផ្នែកឯកជន ព្រមទាំងសប្បុរសជនទាំងអស់ មានការចាប់អារម្មណ៍ លើគម្រោងណាមួយ ទោះតិចឬច្រើនក្តី សូមបញ្ជាក់ការឆ្លើយតប ដើម្បីឱ្យក្រុមការងារធ្វើការបូកសរុបចំនួនគម្រោង ដែលមានការសន្យាគាំទ្រ។

កិច្ចការនេះ គឺជាដំណើរការមួយ នៃការអនុវត្តច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលច្បាប់នោះបានចែងថា ការបង្កើតរដ្ឋបាលឯកភាពនៅរដ្ឋបាលថ្នាក់ក្រោមជាតិ គឺសំដៅដល់ការពង្រីកអង្គភាពរបស់រដ្ឋ ដើម្បីសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណ: នៅក្នុងដែនរបស់ខ្លួន។

ដោយឡែកនៅថ្នាក់ស្រុកវិញ មានទិន្នន័យពិតប្រាកដលើចំនួនគម្រោង និងថវិកាវិនិយោគប្រចាំឆ្នាំនីមួយៗ ព្រមទាំងបានអនុវត្តន៍គម្រោងទទួលបានជោគជ័យ ក្រោយពីរចនាសម្ព័ន្ធថ្មី ត្រូវបានបង្កើតឡើងថ្នាក់ខេត្ត មានកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល ព្រមទាំងមានកញ្ចប់ថវិកាវិនិយោគ សម្រាប់អនុវត្តន៍គម្រោងប្រចាំឆ្នាំនីមួយៗ ទទួលបានផលល្អប្រសើរដូចស្រុកដែរ។

លោកមានជំនឿ និងសង្ឃឹមថា លោក លោកស្រី ដែលជាតំណាងឲ្យមន្ទីរជំនាញ អង្គភាព អង្គការសង្គមស៊ីវិល វិស័យឯកជន និងសប្បុរសជន នឹងជួយគាំទ្រគម្រោងនានារបស់រដ្ឋបាលស្រុក ទៅតាមលទ្ធភាពធនធានតាមការគួរ៕