(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក.) សហការជាមួយមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តកណ្តាល កងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ចុះបង្រ្កាបក្រុមហ៊ុន «រស្មីពេជ្រ ណេត» ដែលបានធ្វើសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បណ្តាញខ្សែកាប្លិ៍អុបទិក និងផ្តល់សេវាអ៊ីនធឺណិត ដោយគ្មានអាជ្ញាបណ្ណ និងផ្តាច់មុខនៅក្នុងបុរី អិល វីលេចឆ៍ រ៉េស៊ីដេន ស្ថិតនៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ការចុះបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មាននិងបណ្តឹងជាច្រើនពីប្រជាពលរដ្ឋ។

តាមសេចក្ដីប្រកាសព័ត៌មាន របស់និយ័តករទូរគមនាគមន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានបញ្ជាក់ថា នៅក្នុងការចុះបង្ក្រាបនេះ និយ័តករទូរគមនាគមន៍កម្ពុជា បានរឹបអូសគ្រឿងសម្ភារបរិក្ខារទូរគមនាគមន៍មួយចំនួនធំ និងបានបិទទីតាំងក្រុមហ៊ុនជាបណ្តោះអាសន្ន ដោយរង់ចាំចំណាត់ការជាបន្ត ទៅតាមនីតិវិធីច្បាប់។

ជាថ្មីម្តងទៀត និយ័តករទូរគមនាគមន៍កម្ពុជា សូមណែនាំដល់បណ្តាក្រុមហ៊ុនអភិវឌ្ឍលំនៅឋាន និងម្ចាស់អគារសហកម្មសិទ្ធិ ព្រមទាំងម្ចាស់បុរីទាំងអស់ថា ក្រុមហ៊ុននិងម្ចាស់អគារ ក៏ដូចជាម្ចាស់បុរី មិនត្រូវចុះកិច្ចសន្យាផ្តាច់មុខ ឬសហការជាមួយក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា ក្នុងការផ្តល់សេវាអ៊ីនធឺណិតនៅទីតាំងរបស់ខ្លួនឡើយ។

និយ័តករទូរគមនាគមន៍កម្ពុជា សូមក្រើនរម្លឹកដល់បណ្តាប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ មិនត្រូវសហការឬផ្តល់សេវាលក់ដុំអ៊ីនធឺណិតដល់ក្រុមហ៊ុន ដែលគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា ជាដាច់ខាត។ ក្នុងករណីនិយ័តករទូរគមនាគមន៍កម្ពុជា រកឃើញថាប្រតិបត្តិករទូរគមនាគមន៍ នៅតែបន្តសកម្មភាពនេះ និយ័តករទូរគមនាគមន៍កម្ពុជា នឹងចាត់វិធានការតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន ដោយគ្មានការលើកលែង។

ទន្ទឹមនឹងនេះដែរ និយ័តករទូរគមនាគមន៍កម្ពុជា សូមដាស់តឿនដល់ក្រុមហ៊ុនដែលគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា ឲ្យបញ្ឈប់សកម្មភាពអាជីវកម្មយ៉ាងអនាធិបតេយ្យរបស់ខ្លួនជាបន្ទាន់ ព្រោះ និយ័តករទូរគមនាគមន៍កម្ពុជា នឹងបន្តសកម្មភាពបង្រ្កាបនិងចាត់វិធានការផ្តន្ទាទោស ចំពោះក្រុមហ៊ុន និងបុគ្គលពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុនទាំងនេះ ដើម្បីលើកកម្ពស់សណ្តាប់ធ្នាប់សាធារណៈ ការប្រកួតប្រជែងដោយស្មោះត្រង់ និងផលប្រយោជន៍អ្នកប្រើប្រាស់។

ជាមួយគ្នានេះដែរ និយ័តករទូរគមនាគមន៍កម្ពុជា សូមអំពាវនាវដល់សាធារណជន ដែលបានដឹងអំពីក្រុមហ៊ុននិងបុគ្គលពាក់ព័ន្ធ ដែលផ្តល់សេវាអ៊ីនធឺណិតដោយគ្មានអាជ្ញាបណ្ណពីនិយ័តករទូរគមនាគមន៍កម្ពុជា ឬផ្តល់សេវាផ្តាច់មុខនៅក្នុងទីតាំងបុរី និងអគារសហកម្មសិទ្ធិ មេត្តាផ្តល់ដំណឹងមកនិយ័តករទូរគមនាគមន៍កម្ពុជា តាមរយៈលេខទូរស័ព្ទ ៦៧៨៩ នៅរៀងរាល់ម៉ោងធ្វើការឬតាមបណ្តាញសង្គម Facebook: «និយ័តករទូរគមនាគមន៍កម្ពុជា - Telecommunication Regulator of Cambodia»។ និយ័តករទូរគមនាគមន៍កម្ពុជា នឹងរក្សាការសម្ងាត់ ចំពោះអ្នកជូនព័ត៌មាននេះ៕