(ភ្នំពេញ)៖ សាធារណរដ្ឋកូរ៉េនឹងជួយកម្ពុជាមានទាំងថវិកា ការបណ្តុះបណ្តាលជំនាញ និងចែករំលែកបទពិសោធន៍ការងារល្អៗមួយចំនួនដល់កម្ពុជាលើផ្នែកស្តារនីតិសម្បទាទៅដល់កម្មករនិយោជិតដែលទទួលរងនូវគ្រោះថ្នាក់ការងារ។

ការសន្យាបែបនេះពីភាគីកូរ៉េធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោក JAEKAP LEE អតីតរដ្ឋមន្រ្តីក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្តារនីតិសម្បទានៅកម្ពុជា ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបានចូលជួបសម្តែងការគួរសមជាមួយលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ។

នាឱកាសនោះ លោក អ៉ិត សំហេង បានចូលរួមអបអរសាទរ និងទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានរបស់លោក JAEKAP LEE ដែលបានដឹកនាំគណៈប្រតិភូមកទស្សនកិច្ច ដើម្បីជួយឧបត្ថម្ភគាំទ្រលើផ្នែកស្តារនីតិសម្បទាដល់កម្មករនិយោជិតរបស់កម្ពុជាដែលជួបនឹងគ្រោះថ្នាក់ការងារនៅកន្លែងធ្វើការ។

លោករដ្ឋមន្ត្រីសង្ឃឹមថា តាមរយៈបទពិសោធន៍ការងារជាអតីតរដ្ឋមន្ត្រីក្រសួងការងារនិងមុខរបរនៃសាធារណរដ្ឋកូរ៉េ នឹងបានចែករំលែកបទពិសោធន៍ការងារជួយមកដល់កម្ពុជាឲ្យវិស័យមួយនេះទទួលបាននូវលទ្ធផលល្អ។

ពាក់ព័ន្ធនឹងកិច្ចសហការ និងផ្តល់ការគាំទ្រដល់កម្ពុជាពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ លោក អ៉ិត សំហេង លើកឡើងថា គឺមានទំនាក់ទំនងល្អប្រសើរណាស់ បន្ទាប់ពីមានដំណើរទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅសាធារណរដ្ឋកូរ៉េ ធ្វើឲ្យប្រទេសទាំងពីរក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រួមទាំងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរផងបានផ្តល់ប្រយោជន៍ពីគ្នាទៅវិញទៅមក ប្រកបដោយផ្លែផ្កាដ៏ល្អបំផុត។ រំហូរនៃអ្នកវិនិយោគកូរ៉េចូលមកកាន់កម្ពុជាមានការកើនឡើងជាលំដាប់បានវិនិយោគស្ទើរតែគ្រប់វិស័យទាំងអស់។

ចំពោះទំនាក់ទំនងលើវិស័យការងារវិញ លោករដ្ឋមន្ត្រីគូសបញ្ជាក់ថា ពលករកម្ពុជាដែលកំពុងបម្រើការងារនៅសាធារណរដ្ឋកូរ៉េ ប្រមាណជាង៥ម៉ឺននាក់ ទទួលបាននូវចំណេះ ជំនាញ ប្រាក់ចំណូល បទពិសោធន៍ការងារ រហូតក្លាយជាសហគ្រិនភាពដ៏ចំណាន។ មួយវិញទៀត លើប្រព័ន្ធសុវត្ថិភាព និងសុខភាពការងារ (OSH) កូរ៉េបានផ្តល់ការគាំទ្រទាំងថវិកា និងបច្ចេកទេសមកដល់កម្ពុជា រួមជាមួយនឹងសេវាការងារដល់ NEA ផងដែរ។ កូរ៉េមានបទពិសោធន៍ច្រើន ទំាងគោលនយោបាយ យន្តការ និងសេវាសម្បូរបែប លើការគ្រប់គ្រង និងដោះសា្រយបញ្ហាគ្រោះថ្នាក់ការងារជូនដល់កម្មករនិយោជិតរបស់ខ្លួន នឹងចែករំលែកបទពិសោធន៍ទាំងនេះ មកខាង ប.ស.ស យកទៅអនុវត្តឲ្យទទួលបានជោគជ័យបន្ថែមទៀត។

លោករដ្ឋមន្រ្តីក៏បានលើកឡើងពី ការអភិវឌ្ឍរបបសន្តិសុខសង្គមរបស់កម្ពុជា មកដល់ពេលនេះកម្ពុជាបានអនុវត្តរបបសន្តិសុខសង្គមចំនួន ៣ រួមមាន៖ ទី១.ផ្នែកហានិភ័យការងារ អនុវត្តនៅឆ្នាំ២០០៨, ទី២.ផ្នែកថែទាំសុខភាព អនុវត្តនៅឆ្នាំ២០១៦, និងទី៣.ផ្នែកប្រាក់សោធន ទើបប្រកាសដាក់ឱ្យអនុវត្តចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ហើយបាននិងកំពុងធ្វើយុទ្ធនាការ រយៈពេល៩០ថ្ងៃ ផ្សព្វផ្សាយការដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការងារ៕