(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានចាត់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ជាលើកទី៣ ផ្ដល់ជូនអង្គការផ្ទះបាយកុមារ ដែលជាជម្រកមួយសម្រាប់កុមាររស់នៅក្នុងគ្រួសារក្រខ្សត់ និងកំព្រា មកពិសាអាហារដោយឥតគិតថ្លៃ ដែលស្ថិតនៅក្នុងបរិវេណសាលាបឋមសិក្សាជ័យជំនះ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងថា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្ដិយស និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បាននាំយកអំណោយមនុស្សធម៌ជាលើកទី៣ ផ្ដល់ជូនអង្គការផ្ទះបាយកុមារ ដែលមាននូវគ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ផ្សេងៗ រួមទាំងថវិកាចំនួន១០លានរៀល។ កន្លងមកកាកបាទក្រហមកម្ពុជា ក៏បានផ្ដល់នូវសម្ភារៈសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ១៩។
លោកស្រី ម៉ែន នារីសោភ័គ បានថ្លែងបន្ដថា «ការចុះមកផ្ដល់អំណោយនៅអង្គការផ្ទះបាយកុមារ ដោយសារទីនេះមានកុមារៗ សុទ្ធតែមកពីគ្រួសារក្រខ្សត់ មានមុខរបរ រើសអេតចាយជាដើម ដែលមានភាពខ្វះខាតការហូបចុប អាចមកពិសាបាយនៅទីនេះដោយឥតគិតលុយ ជាពិសេសដើម្បីលើកទឹកចិត្ដដល់ឪពុកម្ដាយរបស់កុមារ បញ្ជូនកូនទៅសិក្សា បើមិនមានអាហារ អាចឱ្យកូនមកហូបអាហារនៅទីនេះបាន ព្រោះអង្គការមានផ្ដល់អាហារ២ពេល គឺពេលព្រឹក និងថ្ងៃ ជាពិសេសមានផ្ដល់អង្ករជាប្រចាំខែ និងបង់ថវិកាសម្រាប់ក្មេងៗទៅសិក្សាផងដែរ»។
លោកស្រីអគ្គលេខាធិការរងទី១ បានបន្ដថា «កាកបាទក្រហមកម្ពុជា បន្ទាប់ពីទទួលបានថវិកាពីសប្បុរសជន ក្នុងឱកាសទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា យើងតែងតែមានសកម្មភាពជួយទៅដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ជាក់ស្ដែងនៅថ្ងៃនេះ គឺយើងបាននាំយកអំណោយជាស្បៀងឧបភោគបរិភោគ ថវិកា និងសម្ភារៈផ្សេងៗ ជូនដល់កុមារងាយរងគ្រោះបំផុតនៅអង្គការផ្ទះបាយកុមារ ។ទន្ទឹមនឹងនេះ យើងក៏បានត្រៀមរួចជាស្រេច ក្នុងការឆ្លើយតបនឹងគ្រោះមហន្ដរាយធម្មជាតិនានា ដូចជាទឹកជំនន់ជាដើម»។
ក្នុងឱកាសនោះ លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានថ្លែងថា «ខ្ញុំមានអារម្មណ៍សប្បាយរីករាយខ្លាំងណាស់ ដែលកាកបាទក្រហមកម្ពុជា បាននាំយកនូវអំណោយជាច្រើននឹកស្មានមិនដល់ ដែលធ្វើឱ្យយើង ជួយផ្គត់ផ្គង់ដល់កុមារដែលខ្វះខាតបានយូរអង្វែង។ យើងខ្ញុំទាំងអស់គ្នា សូមថ្លែងអំណរគុណជាយ៉ាងជ្រៅបំផុត ដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែនឹកគិតមកដល់ពួកខ្ញុំរហូតមក»។
ប្រធានអង្គការផ្ទះបាយកុមារបានឱ្យដឹងថា សម្រាប់អំណោយរបស់កាកបាទក្រហមកម្ពុជា ដែលបានផ្ដល់ជូនព្រឹកនេះ គឺកុមារជាង៣០០នាក់ ដែលមកពី សង្កាត់បឹងត្របែក ព្រែកទាល់ ស្ទឹងមានជ័យ ដែលបានមកទទួលអំណោយដោយផ្ទាល់។
ការផ្ដល់អំណោយជាលើកទី៣ របស់កាកបាទក្រហមកម្ពុជា ជូនដល់អង្គការផ្ទះបាយកុមារ រួមមាន ៖អង្ករ ៣តោន, មី ២០កេស, ត្រីខ ៣កេស, ទឹកក្រូច ១០កេស, ទឹកបរិសុទ្ធ ១០កេស, ទឹកស៊ីអ៊ីវ ៣០ដប, អំបិល ៥០គីឡូក្រាម, ជែល ២០កេស, ម៉ាស់ ១កេស, ពោតស្រស់ ២បាវ និងថវិកា ១០,០០០,០០០រៀល។ ជូនបុគ្គលិក យុវជនស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្តបរទេស សរុបចំនួន ២៥នាក់ ក្នុងម្នាក់ៗទទួលបាន ក្រមា ១ និងកាបូប១។ ជូនកុមារម្នាក់ៗឈុតខោអាវក្មេង១ឈុត, ទឹកភេសជ្ជៈប៉ូការីស្វេត ១ដប, មី ២កញ្ចប់ និងត្រីខ ២កំប៉ុង។ ដោយឡែក អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌបឹងកេងកង បានឧបត្ថម្ភបន្ថែមនូវ អង្ករចំនួន ១០០គីឡូក្រាម, មី ១០កេស និងទឹកបរិសុទ្ធ ១០កេស។
លោកបន្ដថា សព្វថ្ងៃកុមារប្រមាណពី ២០០-២៥០នាក់ មកហូបបាយនៅទីនេះដោយស៊េរី ដោយមិនកំណត់ថាកុមារនោះមកពីទីណានោះទេ ឱ្យតែខ្វះខាត គឺអាចមកហូបបានទាំងអស់ ឱ្យតែកុមារនោះទៅរៀន ព្រោះគោលដៅរបស់អង្គការ គឺចង់លើកទឹកចិត្ដដល់ឪពុកម្ដាយកុមារ ដែលក្រខ្សត់មានមុខរបររើសអេដចាយ បញ្ជូនកូនៅរៀនឱ្យបានគ្រប់ៗគ្នា បើខ្វះខាតអាហារដូចជាអង្ករ បាយទឹកជាដើម យើងនឹងផ្ដល់ជូនក្មេង ពិសេសថវិកា ព្រោះកន្លងមកអង្គការផ្ទះបាយកុមារ បានផ្គត់ផ្ដង់បាយ និងថវិកា ដល់កុមារដែលមកពីគ្រួសារក្រខ្សត់ ឱ្យទៅរៀនរហូតដល់មហាវិទ្យាល័យ។
សូមជម្រាបថា ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការផ្ទះបាយកុមារ ដែលបានជួយមើលថែទាំ ផ្តល់ការសិក្សាអប់រំ និងផ្តល់ការហូបចុកដល់កុមារ ដែលនេះជាការជួយសម្រាលបន្ទុក ដល់ក្រុមគ្រួសាររបស់កុមារទាំងនេះ។ ជាមួយគ្នានេះ លោកស្រីក៏បានផ្តាំផ្ញើដល់ក្មួយៗចៅៗទាំងអស់ ត្រូវចេះរក្សាអនាម័យក្នុងការរស់នៅ ចេះស្រឡាញ់គ្នា ជួយយកអាសាគ្នាទៅវិញទៅមក ជាពិសេសត្រូវខិតខំសិក្សារៀនសូត្រ ធ្វើជាកូនល្អ សិស្សល្អ និងជាពលរដ្ឋល្អនៅក្នុងសង្គម៕