(ពោធិ៍សាត់)៖ ក្នុងខែសីហា ឆ្នាំ២០២២នេះ នគរបាលខេត្តពោធិ៍សាត់ បង្ក្រាបល្បែងស៊ីសង បាន១១/១៧លើក (ថយចុះ៦លើក ស្មើនឹង៣៥%) ឃាត់ខ្លួនមនុស្ស ចំនួន២៨នាក់ ស្រី១៣នាក់ និងរឹបអូសវត្ថុតាង បៀរ៩ហ៊ូ, មេអាប៉ោង១គ្រាប់, កំរាលភ្នែក៣, កំរាល៩, មាន់ជល់៤ក្បាល់, ជញ្ជីង២គ្រឿង, ស្បែកជើង៤គូ, ចាន និងគម្រប់២កំប្លេរ, កន្ត្រកដាក់មាន់១, សង្វៀនជល់មាន់១វង់, ម៉ូតូ១១គ្រឿង, កន្ទេល៣, កន្សែងពោះគោ និងថង់យួរដៃ១ និងសម្ភារមួយចំនួនទៀត។ ចំពោះករណីនេះសមត្ថកិច្ចបានប្រើប្រាស់វិធានច្បាប់០នាក់ និងវិធានការរដ្ឋបាល ២៨នាក់ ស្រី១៣នាក់ បានធ្វើកិច្ចសន្យាអប់រំនៅប៉ុសិ៍តនគរបាលរដ្ឋបាល និងនៅអធិការដ្ឋាននគរបាល ស្រុក-ក្រុង។

នេះបើតាមរបាយការណ៍ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំសីហា ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តការងារ សម្រាប់ខែកញ្ញា ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។

តែយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋ ក៏បានមើលឃើញថា នៅក្រុងពោធិ៍សាត់ នៅមានទីតាំងល្បែងស៊ីសងជល់មាន់ អនឡាញ ហ្គេមបាញ់ត្រី ឆ្នោតកោស និងឆ្នោតឡូតូជាច្រើនក្រុមហ៊ុនកើតមានឡើងនៅស្ទើរគ្រប់ទីកន្លែង ក្នុងរយៈពេលដ៏ខ្លី។

ប្រជាពលរដ្ឋបានចាត់ទុកថា ល្បែងទាំងនេះកំពុងពង្វក់មនុស្សគ្រប់វ័យឱ្យភ្លេចការងារ និងប្រកបមុខរបរចិញ្ចឹមជីវិត។ ប្រជាពលរដ្ឋបានបន្ថែមទៀតថា ពួកគាត់មានការភ័យខ្លាចជាខ្លាំង ដោយក្នុងមូលដ្ឋានរបស់ពួកគាត់ សំបូរទៅដោយល្បែងស៊ីសងគ្រប់ប្រភេទ ដែលនេះគឺជាឫសគល់ នៃបទល្មើស ចោរកម្ម លួច ឆក់ ប្លន់ និងកើតករណីហិង្សា ក្នុងគ្រួសារជាដើម៕