(ភ្នំពេញ)៖ មន្ដ្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញនូវក្ដីរំពឹងថា ឆ្នាំនេះទឹកជំនន់ស្ទឹងព្រែកត្នោត នឹងមិនគំរាមកំហែងរាជធានីភ្នំពេញ និងផ្នែកខ្លះនៃខេត្តកណ្ដាល ដូចកាលពីឆ្នាំកន្លងទៅនោះឡើយ ខណៈបច្ចុប្បន្ននេះក្រសួងបាននិងធ្វើការងារយ៉ាងដុតដៃដុតជើង ពាក់ព័ន្ធការស្ដារ និងជួសជុលទំនប់ដ៏សំខាន់មួយនេះឡើងវិញ។

នេះបើតាមការឲ្យដឹងពី លោក ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប នៃក្រសួងធនធានទឹក និងឧតុនិយម ថ្លែងក្នុងសន្និសីទសារព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម»។

លោក ម៉ៅ ហាក់ បានថ្លែងយ៉ាងដូច្នេះថា «យើងប្រឹងប្រែងធ្វើយ៉ាងមិញដោះទឹកនេះឲ្យបាន ធ្វើមិចការពាររាជធានីភ្នំពេញ និងតំបន់មួយចំនួនក្នុងខេត្តកណ្ដាល ពីជំនន់ស្ទឹងព្រែកត្នោត។ ការងារមួយចំនួនយើងធ្វើបន្ដទៀត ប៉ុន្ដែការងារសំខាន់យើងត្រូវត្រៀម ហើយសង្ឃឹមថាមិនមានបញ្ហានៅឆ្នាំនេះ»

មន្ដ្រីក្រសួងធនធានទឹករូបនេះ បានអះអាងទៀតថា ក្រសួងធនធានទឹក និងឧតុនិយម បានគិតគូរបង្កើនលំហូរទឹកអតិបរមាបានចំនួន ១,៣៥០ម៉ែត្រគូប ក្នុងមួយវិនាទី នៅផ្នែកខាងក្រោម នៃស្ទឹងព្រែកត្នោត បង្កើនលទ្ធភាពដោះទឹកជំនន់នៅផ្នែកខាងលិចនៃរាជធានីភ្នំពេញ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរជម្រាបថា គម្រោងសាងសង់ប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ព្រែកត្នោត ស្ថិតនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកំពង់ស្ពឺ ដែលជាជំនួយហិរញ្ញប្បទានសម្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន អនុវត្តការសាងសង់ដោយក្រុមហ៊ុនសំណង់ The Consortium of Guangdong Foreign Construction Co., Ltd & Guangdong Yuantian Engineering Company Co., Ltd.។

គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ជាគម្រោងមួយដែលមានសារៈសំខាន់ ក្នុងការកាត់បន្ថយគ្រោះមហន្តរាយទឹកជំនន់ ដែលតែងតែយាយីដល់រាជធានីភ្នំពេញ និងបណ្តាខេត្តដែលទទួលឥទ្ធិពលពីរបបទឹកស្ទឹងព្រែកត្នោត ក៏ដូចជាបង្កើនអត្រាការប្រើប្រាស់ដីស្រែ ការកែលម្អលក្ខខណ្ឌដាំដុះ និងបង្កើនផលិតកម្មស្បៀង។ ក្រោយការសាងសង់ គម្រោងនេះ អាចជួយកាត់បន្ថយទឹកជំនន់បានមួយផ្នែកធំ និងអាចការពារទំហំផ្ទៃដីបានចំនួន ២៤៥ គីឡូម៉ែត្រការ៉េ ហើយមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រែ បានចំនួន ១០,១៥០ហិកតា នៅរដូវប្រាំង និងបានចំនួន ១៧,៧៣០ហិកតា នៅរដូវវស្សា។

គម្រោងប្រព័ន្ធស្រោចស្រព និងការពារទឹកជំនន់ស្ទឹងព្រែកត្នោត ត្រូវបានដឹកនាំផ្ទាល់ដោយ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម ក្នុងការរៀបចំផែនការ និងដោយទទួលបាននូវការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយដៃគូអភិវឌ្ឍន៍ ព្រមទាំងប្រទេសជាមិត្ត ដើម្បីឲ្យគម្រោងដ៏មានសារៈសំខាន់នេះដំណើរការទៅបាន ។

គម្រោងខាងលើនេះ បានចាប់ផ្តើមអនុវត្តកាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ការងារសម្រេចបានប្រមាណ ៧០% នែផែនការ លើទំហំការងារ៖

*ទី១៖ ការងារស្តារស្ទឹង និងពង្រឹងទំនប់សណ្តរ៖ ស្តារស្ទឹងព្រែកត្នោត ប្រវែង២៦គីឡូម៉ែត្រ, ស្តារស្ទឹងតូច ប្រវែង២.៥គីឡូម៉ែត្រ, ពង្រឹងទំនប់សណ្តរការពារទឹកជំនន់សងខាងស្ទឹងព្រែកត្នោត ប្រវែងត្រូវបុកដែកសន្លឹក (Sheet pile) ខាងឆ្វេងច្រាំង ប្រវែង៨.៨២គីឡូម៉ែត្រ ខាងស្តាំ ប្រវែង៦.៥៥ គីឡូម៉ែត្រ។ ចំពោះកំណាត់ច្រាំងដែលងាយច្រោះដី នឹងត្រូវការពារដោយសំណាញ់ Reynolds mat slope proctection ប្រវែង ៣.៣៤គីឡូម៉ែត្រ និងរៀបជញ្ជាំងការពារប្រវែង ៤១៧ម៉ែត្រ។

*ទី២៖ ការងារសាងសង់ និងជួសជុលប្រឡាយ៖ ប្រឡាយភា្ជប់លេខ១ ប្រវែង១៥០ម៉ែត្រ, ប្រឡាយភា្ជប់លេខ២ ប្រវែង០.៩គីឡូម៉ែត្រ (ចាក់បេតុងត្រង់ ០.៥គីឡូម៉ែត្រ), ប្រឡាយភា្ជប់លេខ៣ ប្រវែងស្តារ៥.៧គីឡូម៉ែត្រ, ប្រឡាយលេខ៧៨ ធ្វើការជួសជុល និងចាក់បេតុង ប្រវែង២.៨គីឡូម៉ែត្រ, ប្រឡាយជីកថ្មី ប្រវែង៤.៥គីឡូម៉ែត្រ, ប្រឡាយស្រោចស្រពហនុមាន ប្រវែងជួសជុល ៣.៦គីឡូម៉ែត្រ (ក្នុងនោះចាក់បេតុង១គីឡូម៉ែត្រ), ព្រែកហូរ ប្រវែងស្តារ និងចាក់បេតុង ៧.២គីឡូម៉ែត្រ, ព្រែកយាយជា ប្រវែងស្តារ ១.៤គីឡូម៉ែត្រ និងព្រែកថី ប្រវែងស្តារ និងចាក់បេតុង ៣.៦គីឡូម៉ែត្រ។

*ទី៣៖ សាងសង់សំណង់តាមស្ទឹង ឬប្រឡាយ៖ សំណង់យកទឹក ចំនួន១កន្លែង, សំណង់សម្រួលចរន្តទឹក ចំនួន៤កន្លែង, សំណង់បង្វែរចរន្តទឹក ចំនួន៣កន្លែង, សំណង់ដោះទឹក ចំនួន២កន្លែង និងសំណង់តាមប្រឡាយ ចំនួន៥៨កន្លែង៕