(តាកែវ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញដាំដើមឈើ និងសួរសុខទុក្ខ កងកម្លាំងបញ្ជាការដ្ឋានអង្គរក្ស ដែលដឹកនាំបញ្ជាផ្ទាល់ពីសំណាក់ នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលមានកម្លាំងអង្គរក្សប្រមាណ១២០០នាក់ និងគ្រឿងចក្រជាង១០០គ្រឿង កំពុងឈូសឆាយឬសឈើ មែកឈើ ដាំដើមឈើ និងដាំបង្គោលរបងការពារសត្វ ពិសេសនោះគឺកំពុង ជីកអាងស្តុកទឹកសម្រាប់ស្រោចស្រព្វកូនឈើនៅរដូវប្រាំង នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់ របស់សម្តេតតេជោនាយករដ្ឋមន្ត្រី។
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដឹកនាំមន្រ្តីរាជការរបស់ក្រសួង អមដំណើរដោយលោក គឹម រ័ត្នវិសិដ្ឋ នាយករងខុទ្ទកាល័យសម្ដេចតេជោនាយករដ្ឋមន្ត្រី និងលោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងមានការចូលរួមពីមន្រ្តីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធផងដែរ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសជាផ្លូវការ បង្កើតឧទ្យានសួនសត្វ ព្រៃការពារ និងសួនសត្វភូតគាម (ភ្នំតាម៉ៅ) លើផ្ទៃដី ២០២៥ហិកតា ស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវតាមព្រះរាជក្រឹត្យលេខ ទស/រកត/០៨២២/១០០៨ ប្រកាសចេញថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២៕