(កំពង់ស្ពឺ)៖ រឿងរ៉ាវរបស់លោក សួស វឌ្ឍនា នាយនគរបាលប៉ុស្តិ៍ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឈានដល់មានការប្តឹងទៅអធិការដ្ឋាននគរបាលស្រុកសំរោងទង ហើយបន្តទៅស្នងការនគរបាលខេត្តកំពង់ស្ពឺទៀតនោះ ដោយសារតែលោកមេប៉ុស្តិ៍រូបនេះ បានគេចវេសម្តងហើយម្តងទៀតចំពោះការសន្យាសងលុយមកជនរងគ្រោះក្នុងករណីយករថយន្តមួយគ្រឿង (ក្នុងកិច្ចសន្យា) ទៅបញ្ចាំនឹងឈ្មោះ ជា សុខហេង ភេទស្រី អាយុ៥០ឆ្នាំ រស់នៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៨០០០ដុល្លារ តែក្រោយមកក៏ទៅសុំរថយន្តយកមកជិះវិញ ហើយមិនព្រមសងលុយទៅជនរងគ្រោះ។
តាមសេចក្តីរាយការណ៍ពីភ្នាក់ងារព័ត៌មាន Fresh News បានឲ្យដឹងថា កាលពីចុងឆ្នាំ២០២១ នាយប៉ុស្តិ៍រូបនេះ បានទូរស័ព្ទទៅជនរងគ្រោះដែលជាអ្នកទទួលបញ្ចាំដោយអះអាងថា សុំខ្ចីរថយន្តដែលខ្លួនដាក់បញ្ចាំយកជិះទៅភ្នំពេញបុណ្យបងប្អូន ។ បន្ទាប់ពីសុំខ្ចីរថយន្តពីជនរងគ្រោះយកទៅជិះរួចហើយ (ដោយសារមនុស្សស្គាល់ និងរាប់អានគ្នា) លោកមេប៉ុស្តិ៍ មិនបានយករថយន្តមកឲ្យជនរងគ្រោះដែលជាអ្នកទទួលបញ្ចាំទុកវិញទេ ហើយថែមទាំងនិយាយកុហកពីរឿងសងលុយវិញរាប់សិបដងផងដែរ តែមិនព្រមសងទើបឈានដល់ការប្តឹង។
ជាមួយនឹងអំពើឆបោកនេះ លោក ឃុត ផល អធិការនគរបាលស្រុកសំរោងទង បានឲ្យដឹងថា រឿងនេះប្តឹងមកផ្នែកព្រហ្មទណ្ឌស្រុក ហើយលោកព្យាយាមសម្របសម្រួលឲ្យបញ្ចប់រឿងដែរ តែភាគីលោកមេប៉ុស្តិ៍ហាក់គេចវេស ដូចនេះលោកបញ្ជាក់ថា ត្រូវបញ្ជូនសំណុំរឿងទៅព្រហ្មទណ្ឌខេត្តចាត់ការបន្ត។
ដោយឡែក លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា បើរឿងនេះជារឿងស៊ីវិល លោកនឹងបង្វិលសុំណុំរឿងជូនតុលាការ តែបើរឿងនេះជារឿងឆបោក រំលោភលើការទុកចិត្ត លោកស្នងការដោះស្រាយជូនជនរងគ្រោះ។
លោក សួស វឌ្ឍនា មេប៉ុស្តិ៍ឃុំសំបូរ ក៏បានទទួលស្គាល់ការជំពាក់លុយនេះផងដែរ ដែលបានទៅយករថយន្តដែលកំពុងដាក់បញ្ចាំនៅឈ្មោះ ជា សុខហេង យកមកជិះ ហើយមិនព្រមយកទៅអោយវិញ ហើយលុយក៏មិនបានសង។ លោកថា កំពុងសម្របសម្រួលដែរតែគេមិនព្រមឡើយ ដោយសារតែលោកគ្មានលុយសម្រាប់សងជនរងគ្រោះ ជាច្រើនដងកន្លងមកហើយ។
ចំពោះបទល្មើសឆបោកនេះ ជនរងគ្រោះហាក់បញ្ជាក់ពីជំហរឲ្យមានការសងប្រាក់មកគាត់ ដោយមិនចង់ឲ្យប៉ះពាល់ដល់តួនាទីជាមេប៉ុស្តិ៍របស់គាត់ទេ តែដោយភាពរឹងរូសទើបករណីនេះឈានដល់ការប្តឹងព្រហ្មទណ្ឌ។ ជនរងគ្រោះជឿជាក់លើស្នងការនគរបាលខេត្តកំពង់ស្ពឺ នឹងជួយរកយុត្តិធម៌ជូនជនរងគ្រោះជាក់ជាមិនខានឡើយ៕