(កណ្តាល)៖ លោកស្រី សាន អរុណ រដ្ឋលេខាធិកាក្រសួងកិច្ចការនារី បានថ្លែងបញ្ជាក់ថា ដើម្បីឱ្យប្រជាពលរដ្ឋឈប់ប្រើប្រាស់ថ្នាំជក់ វិធានការឈ្នះ-ឈ្នះ សម្រាប់សុខភាពសាធារណៈ និងសម្រាប់រាជរដ្ឋាភិបាល គឺការដំឡើងពន្ធលើផលិតផលថ្នាំជក់ ព្រោះការដំឡើងពន្ធនឹងជួយឱ្យប្រជាពលរដ្ឋឈប់ចំណាយថវិកាទិញបារី ដែលជាផលិតផលមិនចាំបាច់ ហើយអាចកាត់បន្ថយយុវជន ពីការចង់សាកល្បងប្រើប្រាស់បារី។

លោកស្រី សាន អរុណ បានលើកឡើងដូចនេះ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្នុងឱកាសតំណាងលោកស្រី មាន សំអាន ប្រធានគណៈកម្មាការទី៨ នៃព្រឹទ្ធសភា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពីវិធានការមានប្រសិទ្ធភាពកាត់បន្ថយហានីភ័យ បណ្តាលមកពីការប្រើប្រាស់ថ្នាំជក់ ដែលបានរៀបចំឡើងនៅមណ្ឌល គរុកោសល្យភូមិភាគហ៊ុនសែន ខេត្ដកណ្ដាល ដោយមានការចូលរួមពីលោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្ដិអង្គការចលនាដើម្បីសុខភាពកម្ពុជា រួមទាំងមានតំណាងអង្គការសុខភាពពិភពលោក តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងគរុនិស្សិតជាច្រើនរូប។

លោកស្រី សាន អរុណ បានបន្ថែមថា ការដំឡើងពន្ធថ្នាំជក់នឹងជួយសម្រាលបន្ទុករាជរដ្ឋាភិបាល ជាពិសេសអាចកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ឱ្យមកនៅកម្រិតទាប ខណៈដែលការប្រើប្រាស់ថ្នាំជក់បង្កឱ្យខាត់បង់សេដ្ឋកិច្ច និងប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ដែលជាបន្ទុកសម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ។ ក្នុងន័យនេះយើងទាំង អស់គ្នាត្រូវតែខិតខំបន្តទៀត ដើម្បីការពារសុខភាពប្រជាពលរដ្ឋទាំងអស់គ្នា និងការពារយុវជនកុំឱ្យធ្លាក់ក្នុងអន្ទាក់ថ្នាំជក់។

លោកស្រី សាន អរុណ បានបន្ថែមទៀតថា ការប្រើប្រាស់ថ្នាំជក់ អាចបង្ករឱ្យមានការស្លាប់មុនអាយុកំណត់ បង្ករឱ្យមានជំងឺមហារីក ជំងឺបេះដូង សរសៃឈាម ដាច់សរសៃឈាមខួរក្បាល និងជំងឺផ្លូវដង្ហើមរាំរ៉ៃ ។ នៅកម្ពុជាមានប្រជនជាច្រើនរាប់ម៉ឺននាក់បានស្លាប់ដោយសារការប្រើប្រាស់ថ្នាំជក់ និងបានខាតបង់ថវិការាប់លានដុល្លារ ក្នុងមួយឆ្នាំៗផងដែរ។

កញ្ញា យ័ន្ដ សូឡា គរុនិស្សិតនៃមណ្ឌលគរុកោសល្យភូមិភាគហ៊ុន សែន ខេត្ដកណ្ដាល ក៏បានបង្ហាញការគាំទ្រលើការដំឡើងពន្ធផលិតផលថ្នាំជក់នេះ និងបាន ស្នើ ឱ្យប្រជាពលរដ្ឋទាំងអស់ឈប់ប្រើថ្នាំជក់ ដែលនាំឱ្យប៉ះពាល់សុខភាព ខាតបង់ថវិកា និងធ្វើឱ្យកើតជំងឺជាច្រើនផងដែរ។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នប្រទេសកម្ពុជា មានអត្រាពន្ធថ្នាំជក់ទាបគឺ ត្រឹមតែ ២៥% ទៅ ៣១% ធៀបតម្លៃលក់រាយ ខណៈដែលប្រទេស ថៃ ប្រុយណេ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពី ភូមា សុទ្ធតែមានអត្រាខ្ពស់ជាង ៥០%ធៀបតម្លៃលក់រាយ (SEATCA, 2021)៕