(ភ្នំពេញ)៖ គិតមកដល់បច្ចុប្បន្ននេះ ក្រសួងធនធានទឹក និងឧតុនិយម សម្រេចបានលទ្ធភាពស្រោចស្រពលើផ្ទៃដីសរុបចំនួន ១,៨៨៩,១១២ហិកតា លើផ្ទៃដីសរុប ៣,០៧៨,២២០ហិកតា គិតជាភាគរយស្មើ ៦១,៣៧%។ នេះបើតាមការឲ្យដឹងពីលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

ក្នុងសន្និសីទក្រោមប្រធានបទ «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងធនធានទឹក និងឧតុនិយម» លោក ប៊ុន ហ៊ាន បានអះអាងថា ក្នុងរយៈពេលកន្លងមកនេះ ក្រោមការដឹកនាំរបស់លោករដ្ឋមន្ដ្រី លឹម គានហោ ក្រសួងបានអភិវឌ្ឍទំនប់អាងស្តុកទឹក និងសំណង់ស្ទាក់ទឹកធំៗ កាត់ស្ទឹងបង្កើនលទ្ធភាពគ្រប់គ្រងទឹកជំនន់បានចំនួន ៣កន្លែង ដែលអាចស្តុកទឹកបានចំនួន ៤៥៥លានម៉ែត្រគូប បន្ថែមទៀតរដូវប្រាំង។

បន្ថែមពីនេះ បានបង្កើនលំហូរទឹកអតិបរមាបានចំនួន ១,៣៥០ម៉ែត្រគូប ក្នុងមួយវិនាទី នៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត បង្កើនលទ្ធភាពដោះទឹកជំនន់នៅផ្នែកខាងលិច នៃរាជធានីភ្នំពេញ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។ ដោយឡែក ការស្តារ សាងសាង់ និងអនុត្តរភាពប្រព័ន្ធធារាសាស្ត្រ បង្កើនលទ្ធភាពស្រោចស្រពដំណាំស្រូវសរុបបានចំនួន ១២៣,០១៥ហិកតា (២៤,៦០៣ហិកតា/ឆ្នាំ) ក្នុងនោះមានស្រូវវស្សា ចំនួន៨១,៨៦៣ហិកតា ស្រូវប្រាំងចំនួន ៤១,១៥២ហិកតា និងដំណាំរួមផ្សំបានចំនួន ៤,៣៩៩ហិកតា។

លោក ប៊ុន ហ៊ាន ក៏បានលើកឡើងអំពីការជួសជុល ថែទាំ និងកិច្ចដំណើរការប្រព័ន្ធធារាសាស្ត្រជាប្រចាំ និងខួប បានរក្សានិរន្តរភាពនៃការស្រោចស្រពបាន ចំនួន ៦៩១,២២១ហិកតា ក្នុងនោះមានស្រូវវស្សា ៥៧៥,៧៦៥ហិកតា ស្រូវប្រាំង ១១៥,៤៥៦ហិកតា និងដំណាំរួមផ្សំបានចំនួន ៣,៦៤៦ហិកតា។

ដោយឡែក សម្រាប់ការងារពង្រឹងច្រាំងទន្លេវិញ ក្រុមការងារបច្ចេកទេសរបស់ក្រសួង បានពង្រឹងច្រាំងទន្លេនៅខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ បានប្រវែង ៣០,៦៥៨ ម៉ែត្រ។ ការពារទប់ស្កាត់ទឹកជំនន់ និងរក្សានិរន្តរភាពការពារទប់ស្កាត់ទឹកជំនន់ បានផ្ទៃដីសរុបចំនួន ៦,០២៤ហិកតា និងលំនៅដ្ឋានចំនួន ១០,៤៨០ខ្នងផ្ទះ។ នេះបើតាមអ្វីដែលលោក ប៊ុន ហ៊ាន រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយមបានគូសបញ្ជាក់៕