(ភ្នំពេញ)៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីរក្សាទុកជួញដូរគ្រឿងញៀន ចាប់ខ្លួនជនចិនម្នាក់ និងរឹបអូសគ្រឿងញៀនជាង៧គីឡូក្រាម។

ការចុះបង្ក្រាបនេះ អនុវត្តតាមបញ្ជានាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រតិបត្ដិការនេះ ធ្វើឡើងកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៧៖៣០នាទី កម្លាំងជំនាញ (ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ សារី បុត្រសត្យា, លោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្វីរ, លោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ (ក១០)។

ក្នុងនោះ ក៏មានការចូលរួមពីកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំសម្របសម្រួលពីលោក អ៊ុ សុភ័ក្រ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាប នៅ២គោលដៅផ្សេងគ្នា ជាបន្តបន្ទាប់៖ នៅចំណុចមុខ ខុនដូរអិលផ្លូវបេតុង ស្ថិតក្នុងសង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចបន្តទៅឆែកឆេរខុនដូរប៉ាវលី បន្ទប់លេខ១៦១៨ ជាន់ទី១៦ ផ្លូវ១៣៩ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជាធានីភ្នំពេញ លទ្ធផលឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ចាង ហ្វុង ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន។

វត្ថុតាងចាប់យក៖ អ៊ិចស្តាស៊ី (MDMA)ទម្ងន់សុទ្ធ ៧គីឡូ៥៣៦ក្រាម និងសារធាតុគីមី១០ គីឡូក្រាម៧៦០ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី៕