(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្នុងបរិបទនៃជំងឺរាលត្បាតកូវីដ១៩ កម្ពុជាបានប្រែការប្រឈម ទៅជាឱកាសសម្រាប់ការសិក្សាអប់រំ ដែលបានវិវត្តលឿនមុន១០ឆ្នាំ លើការសិក្សាតាមបែបឌីជីថល និងបានបង្កើតប្រព័ន្ធអប់រំពីចម្ងាយ។
ការលើកឡើងបែបនេះ ក្នុងឱកាសដែលបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកសន្និសិទ្ធអន្តរជាតិលើកទី២៨ សម្រាប់សមាគមន៍សាកលវិទ្យាល័យកាតូលិកអាស៊ីអាគ្នេយ៍ និងអាស៊ីខាងកើត «28th Association of Southeast and East Asian Catholic Colleges and Universities (ASEACCU) CONFERENCE 2022» នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២។
បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា ពិភពលោកដែលយើងកំពុងរស់នៅ គឺស្មុគស្មាញ ដោយសារបច្ចេកវិទ្យាកាន់តែរហ័ស និងមានឧបសគ្គជាច្រើនដូចជា៖ សង្គ្រាមនៅអ៊ុយក្រែន និងការប្រែប្រួលអាកាសធាតុ ដូច្នេះយុវជនត្រូវតែប្រុងប្រៀបខ្លួន ចំពោះរឿងទាំងនេះ ហើយការសិក្សាអប់រំត្រូវតែផ្លាស់ប្តូរ៖
១៖ ចំណុចចម្បង គឺគោលនយោបាយរបស់រដ្ឋាភិបាល និងសាលាជារឿងសំខាន់ ដែលត្រូវតែអភិវឌ្ឍន៍ លើជំនាញទន់ និងជំនាញសម្រាប់សតវត្សទី២១ ដូចជា៖ ការអប់រំបែប Steam វិធីសាស្ត្របង្រៀន បែបបច្ចេកវិទ្យាថ្មី វិធីសាស្ត្រអប់រំចិត្ត ការស្វ័យសិក្សាដោយខ្លួនឯង ការចូលរួមការបង្កើតក្ដីស្រមៃការសិក្សា ដោយផ្ដោតលើចំណូលចិត្ត (connted learning)។
លោកថា យុវជនក្នុងសម័យឌីជីថល គួរតែត្រូវបានលើកកម្ពស់ លើជំនាញបច្ចេកវិទ្យា មេតាវើស (Meta) ដើម្បីក្លាយជាអ្នករៀនឥតឈប់ឈរ។ នេះជាទម្រង់ ដែលយើងត្រូវតែគូសវាសឲ្យហើយ សម្រាប់សេចក្តីត្រូវការ របស់វិនិយោគិនតាមរយៈសាលា។ ប្រទេសកម្ពុជា បានឆ្ពោះទៅមុខ១០ឆ្នាំមុន កាលពេលបច្ចុប្បន្ន ដោយរួមបញ្ចូលបច្ចេកវិទ្យា នៅក្នុងការអប់រំ។
២៖ តំណភ្ជាប់កម្មវិធីសិក្សា ទៅកាន់វិស័យការងារ៖ ផ្តល់ឱកាសដល់សិស្សនិស្សិត មានឱកាសចូលរួមជាក្រុម និងថ្នាក់បច្ចេកទេសថ្មី ដែលមានដូចជា៖ រ៉ូបូត computer coding, វេទិកាពិភាក្សានានា ដែលជួយជំរុញជំនាញរបស់ពួកគេដែលកំពុងរៀន។
៣៖ សាលា និងសាកលវិទ្យាល័យ គឺជាបណ្ដុំមជ្ឈមណ្ឌល ដែលមានប្រព័ន្ធបរិយាកាសអេកូឡូស៊ីបែបសហគ្រិន៖ វេទិកាសម្រាប់ការប្រកួតប្រជែង ភ្ជាប់ការអប់រំទៅនឹងពិភពពិត។ ការប្រកួតប្រជែង គឺជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍស្ពានលើកកម្ពស់ជំនាញ និងការដោះស្រាយបញ្ហា។
៤៖ រួមជាមួយវិស័យឯកជន ក្នុងវិស័យអប់រំ ជារឿងចាំបាច់សម្រាប់សិស្ស ដែលត្រូវរៀនដើម្បីដោះស្រាយបញ្ហាប្រឈម ក្នុងសតវត្សទី២១នេះ យើងគួរតែបញ្ជៀបវគ្គបណ្ដុះបណ្ដាល ឬ ភាពជាអ្នកដឹកនាំគំនិតនៃសហគ្រិន ដើម្បីឲ្យពួកគាត់អាចចូលរួម ក្នុងគំរូអាជីវកម្ម។
៥៖ ទំនាក់ទំនងផ្នែកធុរកិច្ច និងសាកលវិទ្យាល័យ(university Bussines sector linkages)៖ គឺត្រូវលើកម្ពស់ ការចូលរួម និងសិក្សាស្រាវជ្រាវ។ នេះជាយុទ្ធសាស្ត្រ ឈ្នះឈ្នះ នៃកិច្ចសហការយូរអង្វែង សម្រាប់សកលវិទ្យាល័យ។
៦៖ ក្នុងបរិបទនៃជំងឺរាលត្បាលកូវីដ១៩ យើងបានប្រែការប្រឈម ទៅជាឱកាសសម្រាប់ការសិក្សាអប់រំនៅកម្ពុជា ដែលបានវិវត្តលឿន១០ឆ្នាំមុន ពេលវេលាដោយអភិវឌ្ឍន៍ លើការសិក្សាតាមបែបឌីជីថល និងបានបង្កើតប្រព័ន្ធអប់រំពីចម្ងាយ ពីថ្នាក់ទី១ ដល់ទី១២ ដើម្បីឲ្យសិស្សទោះបីនៅទីដាច់ស្រយាល មានឱកាសចូលរួម។ យើងក៏បង្កើតថ្នាក់អប់រំសម្រាប់គ្រូ និងរៀបចំប្រព័ន្ធគ្រប់គ្រង តាមបែបឌីជីថលផងដែរ។
លោក អូលីវីយ៉េ ជ្មីត ហស្លេ អភិបាលព្រះសហគមន៍កាតូលិក ភូមិភាគភ្នំពេញ ស្ថាបនិក និងប្រធានក្រុមប្រឹក្សាភិបាលនៃ វិទ្យាស្ថានសន្តប៉ូល កម្ពុជា ជឿជាក់ថា យើងអាចបន្តទៅមុខយ៉ាងលឿនបំផុត និងមានប្រសិទ្ធភាព នៅក្នុងការសាមគ្គីភាព ប្រសិនបើយើងអាចលើកកម្ពស់ការអប់រំ ឲ្យកាន់តែខ្ពស់ទាំងនៅក្នុងព្រះសហគមន៍កាតូលិក និងនៅក្នុងសង្គមនៅទីណា ដែលយើងកំពុងតែធ្វើការ។
លោកបន្ដថា វិទ្យាស្ថានសន្តប៉ូល គឺជាវិទ្យាស្ថានជាន់ខ្ពស់ របស់ព្រះសហគមន៍តែមួយគត់នៅក្នុងប្រទេសកម្ពុជា។ តាមទស្សនវិស័យអប់រំ ដែលរួមបញ្ចូលសម្រាប់សិស្សម្នាក់ៗ យើងបានព្យាយាមអស់រយៈពេលជាង១២ឆ្នាំ ដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាពល្អបំផុត សម្រាប់សិស្សជាង១,០០០នាក់៕