(ភ្នំពេញ)៖ កម្មវិធីគំនូវជីវចល «ឆា-ឈីង» ដ៏ពេញនិយម ដែលមានវត្ថុបំណងអប់រំកុមារ អំពីគោលការណ៍ មូលដ្ឋានហិរញ្ញវត្ថុ នៃការរកលុយ ការចាយ ការសន្សំ និងការ បរិច្ចាគ ត្រូវបានផ្សព្វផ្សាយជាផ្លូវការ ក្នុងពិធីសម្ពោធ ដែលប្រារព្ធឡើងនៅថ្ងៃទី៣១ ខែឧសភានេះ ក្រោមអធិបតីភាព លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ តំណាងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ។
កម្មវិធី «ឆា-ឈីង» ផ្តោតជាសំខាន់ទៅលើកម្រងវីដេអូគំនូរជីវចល ដែលពោរពេញទៅដោយបទភ្លេង និងចម្រៀង អំពីតួអង្គប្រាំមួយនាក់ ដែលពួកគេម្នាក់ៗ មានទម្លាប់ ខុសៗគ្នាក្នុងការប្រើលុយ ហើយកម្មវិធីនេះ ក៏រួមបញ្ចូលផងដែរ នូវគេហទំព័រអន្តរកម្ម កម្មវិធីទូរស័ព្ទ និងសម្ភារៈអប់រំផ្សេងទៀត ដើម្បីពន្យល់កុមារអំពីមូលដ្ឋានគ្រឹះ នៃគោលការណ៍ហិរញ្ញវត្ថុ ។
ក្នុងកម្រងវីដេអូគំនូរជីវចលនេះ ដែលផលិតសម្រាប់កុមារអាយុចាប់ពី ៧ដល់១២ឆ្នាំ វីដេអូនីមួយៗ មានប្រធានបទអប់រំផ្សេងៗគ្នា ដូចជាពន្យល់កុមារថា លុយមកពីណា លុយទិញអ្វីបានខ្លះ ហេតុអ្វីគួរសន្សំលុយសម្រាប់ថ្ងៃមុខ និងសារសំខាន់ នៃការបរិច្ចាកដើម្បីសប្បុរសធម៌ជាដើម។ កម្រងវីដេអូគំនូវជីវចលនេះ កំពុងចាក់ផ្សាយ នៅលើ បណ្តាញទូរទស្សន៍ខ្សែកាប Cartoon Network នៅទូទាំងអាស៊ី រួមទាំងប្រទេសកម្ពុជាផងដែរ ក្រោមកិច្ចសហការជាមួយ មូលនិធិព្រូដិនស៍ ដែលជាមូលនិធិមនុស្សធម៌ នៃក្រុមហ៊ុនសាជីវកម្មព្រូដិនសលអាស៊ី ដែលជាអ្នកផ្តើមបង្កើតកម្មវិធីនេះឡើង ។ កម្រងវីដេអូ «ឆា-ឈីង» ជាភាសាខ្មែរ ក៏នឹងត្រូវបានចាក់ផ្សាយ នៅលើកញ្ចក់ទូរទស្សន៍ CTN ដែលជាបណ្តាញទូរទស្សន៍ដ៏ពេញនិយមមួយ នៅក្នុងប្រទេសកម្ពុជា ជារៀងរាល់ថ្ងៃអាទិត្យផងដែរ។
គេហទំព័រ «ឆា-ឈីង» (chaching.cartoonnetworkasia.com) មានភាសាជ្រើសរើសដល់ទៅ៩ភាសាសម្រាប់ភាសានៅអាស៊ី និងមានចំនួនចូលទស្សនាលើសពី ៧៦លាន ដងរួចមកហើយ ។ កម្មវិធី «ឆា-ឈីង» ត្រូវបានបង្កើតឡើងដោយ មូលនិធិព្រូដិនស៍ ក្នុងឆ្នាំ២០១១ ហើយមកទល់ពេលនេះ បានផ្តល់ផលប្រយោជន៍ដោយផ្ទាល់ ទៅដល់សិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ជាង២សែននាក់ នៅទូទាំងទ្វីបអាស៊ី ។
នៅរាជធានីភ្នំពេញ បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា បានចុះទៅកាន់បឋមសិក្សាមួយចំនួន រួចមកហើយ និងបានបង្ហាញវីដេអូគំនូវជីវចល «ឆា-ឈីង» ដល់កុមារជាង ៥០០នាក់ គិតចាប់ពីដើមឆ្នាំ២០១៦ នេះមក ។ នៅក្នុងព្រឹត្តិការណ៍សម្ពោធនោះ លោក Marc Fancy នាយកប្រតិបត្តិមូលនិធិព្រូដិនស៍ បានថ្លែងថា «ចាប់តាំងពីឆ្នាំ២០១៤មក យើងបានធ្វើការងារដើម្បីអនុវត្តកម្មវិធី «ឆា-ឈីង» នៅរាជធានីភ្នំពេញ ហើយយើងទទួលបាន ការគាំទ្រយ៉ាងច្រើនក្រៃលែង ។
កុមារៗចូលចិត្ត និងចាប់អារម្មណ៍កម្មវិធីរបស់យើងជាខ្លាំង ជាពិសេសពួកគាត់ចាប់បាននូវមេរៀន ដែលយើងចង់ពន្យល់ ពិសេសយើងក៏មានការដឹងគុណយ៉ាងខ្លាំងចំពោះការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ហើយគោលដៅបន្ទាប់ទៀតរបស់យើងនោះគឺនាំយកកម្មវិធី«ឈីង»នេះទៅដល់សិស្សានុសិស្សឲ្យបានកាន់តែច្រើនឡើងនៅកម្ពុជា» ។
គួរបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ បុគ្គលិកក្រុមហ៊ុន ព្រូដិនសលកម្ពុជា នឹងពាំនាំកម្មវិធី «ឆា-ឈីង»ទៅដល់សាលារៀនជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ ។ហើយកម្មវិធី «ឆា-ឈីង» ជាកម្មវិធីឈ្នះពានរង្វាន់ និង0គ្រប់ជ្រុងជ្រោយ ដែលជួយអប់រំចំណេះដឹងរឿងលុយកាក់ ទៅដល់កុមារអាយុពី ៧ដល់១២ឆ្នាំ ។ នៅទូទាំងទ្វីបអាស៊ី កម្មវិធី “ឆា-ឈីង” ត្រូវបានចាក់ផ្សាយជា ៩ភាសាផ្សេងគ្នា និងទស្សនាដោយទស្សនិកជន ៥១លានក្រុមគ្រួសារ តាមរយៈប៉ុស្ត៍ទូរទស្សន៍ខ្សែកាប Cartoon Network Asia ៕
">