(ក្រចេះ)៖ លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ជាប់ឆ្នោតថ្មី អាណត្តិទី៥ ឆ្នាំ២០២២ រយៈពេល ២ថ្ងៃគឺ ២៥-២៦ ខែសីហា ឆ្នាំ២០២២។
វគ្គបណ្ដុះបណ្ដាលនេះ សមាសភាពចូលរួមប្រមាណជាង ១៦០រូប ក្នុងគោលបំណងតម្រង់ទិសដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលបានជាប់ឆ្នោត និងជាក្រុមប្រឹក្សាថ្មីមិនធ្លាប់ជាក្រុមប្រឹក្សាកន្លងមក ដើម្បីជាមូលដ្ឋានគ្រឹះក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។
ក្នុងឱកាសនោះលោក វ៉ា ថន បានថ្លែងអំណរគុណចំពោះ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ប្រចាំខេត្តក្រចេះ ដែលបានចូលរួមឧបត្ថម្ភថវិកាគាំទ្រដល់វគ្គបណ្តុះបណ្តាលសម្រាបរយៈពេល២ថ្ងៃនេះ ហើយវគ្គបណ្ដុះបណ្ដាលនេះ គឺផ្តោតលើការបណ្ដុះបណ្ដាល ស្ដីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ដែលមានចំនួន ៩ជំពូក ក្នុងនោះជំពូកទី១៖ ទិដ្ឋភាពទូទៅ ជំពូកទី២៖ រចនាសម្ព័ន្ធ តួនាទី ភារកិច្ច ខ្សែគណនេយ្យ និងទំនាក់ទំនងអន្តរអន្តររដ្ឋបាល ជំពូកទី៣៖ ការងារត្រូវធ្វើក្រោយប្រកាសចូលកាន់តំណែង ជំពូកទី៤៖ កិច្ចប្រជុំក្រុមប្រឹក្សា ជំពូកទី៥៖ ផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ជំពូកទី៦៖ ការផ្តល់សេវាសាធារណៈ ជំពូកទី៧៖ កិច្ចការរដ្ឋបាល ជំពូកទី៨៖ ការផ្លាស់ប្ដូរសមាជិកក្រុមប្រឹក្សា និងការគ្រប់គ្រងបុគ្គលិក និងជំពូកទី៩៖ការគ្រប់គ្រងហិរញ្ញវត្ថុ។
លោកអភិបាលខេត្តបញ្ជាក់ថា ដើម្បីសម្រេចបានគោលបំណងជាយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីជាតិសម្រាប់ការអភិវឌ្ឈតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (២០២១-២០៣០) ដោយផ្តោតការយកចិត្តទុកដាក់លើការប្រែក្លាយរដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យក្លាយជាស្ថាប័នដែលមានភាពរឹងមាំ និងភាពធន់ ព្រមទាំងមានសមត្ថភាព សិទ្ធិអំណាច មុខងារ និងធនធានកាន់តែសមស្រប ក្នុងការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងនវានុវត្តន៍។
កម្មវិធីជាតិដំណាក់កាលទី២នេះនឹងផ្តោតជាពិសេសលើការពង្រឹង និងការធ្វើទំនើបកម្មរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងតាមប្រភេទរដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ស្របតាមចរិតលក្ខណៈជារដ្ឋបាលនៃតំបន់ទីក្រុងធំ រដ្ឋបាលនៃតំបន់ទីប្រជុំជន និងរដ្ឋបាលនៃតំបន់ជនបទ រួមទាំងការជំរុញការធ្វើវិមជ្ឈការហិរញ្ញវត្ថុ ការកែលម្អប្រព័ន្ធផែនការ និងថវិកា ការកែលម្អយន្តការ និងនីតិវិធីនៃការផ្តល់សេវាសាធារណៈ និងការលើកកម្ពស់ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស។
លោកបញ្ជាក់បន្ថែមទៀតថា ដើម្បីឆ្លើយតបទៅនឹងសភាពការណ៍ទាំងនេះ ក៏ដូចឆ្លើយតបទៅនឹងតម្រូវការដែលមានការប្រែប្រួលឥតឈប់ឈរ និងកាន់តែស្មុគស្មាញ ទាំងក្នុងក្របខណ្ឌសាកល តំបន់ និងក្នុងប្រទេស កម្ពុជាត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនលើគ្រប់វិស័យ គ្រប់ផ្នែក ទាំងផ្នែករឹង និងផ្នែកទន់ដើម្បីលើកកម្ពស់ភាពធន់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ទល់ជាមួយវិបត្តិនានាដែលអាចកើតមានឡើងជាយថាហេតុទាំងនៅក្នុងប្រទេស និងក្រៅប្រទេស៕