(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការដីរដ្ឋថ្នាក់ខេត្ត បានឱ្យដឹងថា ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជន នៅស្រុកបូទុមសាគរ ត្រូវបានចុះបញ្ជី និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុរួចហើយ ដើម្បីផ្តល់សិទ្ធិពេញលេញដល់ប្រជាពលរដ្ឋ និងអតីតយុទ្ធប្រើប្រាស់ស្របតាមច្បាប់។ ចំណែកឯដីនៅស្រុកកោះកុង និងស្រុកថ្មបាំង មិនទាន់បានចុះបញ្ជីនៅឡើយនោះទេ។

ការលើកឡើងបែបនេះ របស់លោកស្រី មិថុនា ភូថង បានធ្វើឡើងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ ក្នុងឱកាសបើកកិច្ចប្រជុំពិភាក្សានៃគ្រប់គ្រងដីរដ្ឋ ដីសម្បទានសង្គមកិច្ចអតីតយុទ្ធជនក្នុងស្រុកចំនួន៣ ក្នុងខេត្ត ដោយមានការចូលរួមពីមន្ត្រីរាជការគ្រប់ស្ថាប័ន និងមន្ត្រីជំនាញដែលពាក់ព័ន្ធផងដែរ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី មិថុនា ភូថង បានណែនាំឱ្យរដ្ឋបាលស្រុកសាមី សហការជាមួយមន្ទីរជំនាញ ដើម្បីចុះបញ្ជីដីនៅ៣ទីតាំងទៀតឱ្យបានរួចរាល់។ ចំពោះដីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានទំនាស់ ដែលមានទីតាំងដីស្ថិតនៅក្នុងក្រុងខេមរភូមិន្ទ ដែលមានបណ្ណកម្មសិទ្ធរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបានប្រជាពលរដ្ឋចូលទន្ទ្រានកាន់កាប់នោះបើតាមការស្រង់ស្ថិតិអ្នកចូលទន្ទ្រានកាន់កាប់ មានចំនួន ១៥២គ្រួសារ។ ករណីនេះ លោកស្រីណែនាំឱ្យមានការប្រជុំចង្អៀត ដើម្បីដោះស្រាយបញ្ហានេះ។

លោកស្រីបានបន្តថា ការចុះបញ្ជីដី និងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋកន្លងមករដ្ឋបាលខេត្តបានចែកជូនវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋម្ចាស់ដី ដែលមានដីប្រជាពលរដ្ឋអាស្រ័យផង ប្រើប្រាស់ ដីវាស់វែងដោយ បប០១ ដីដែលកាត់ឆ្វៀលចេញពីតំបន់ការពារធម្មជាតិដោយអនុក្រឹត្យលេខ៣០ និងលេខ៤៦ និងដីដែលដោះស្រាយគោលនយោបាយ ជូនប្រជាពលរដ្ឋ ហើយការចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធ នៅទីតាំងដែលមានបញ្ហាប្រឈម ត្រូវប្រជុំដើម្បីរកវិធីដោះស្រាយ និងពន្លឿនការចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ។

លោកស្រីបានបន្ថែមថាចំពោះទីតាំងដីឯកជនរបស់រដ្ឋ របស់មន្ទីរ អង្គភាព ដែលមិនទាន់បានចុះបញ្ជី ត្រូវរៀបចំឯកសារស្នើសូមចុះបញ្ជីដីរដ្ឋ៕