(កែប)៖ អភិបាលរងខេត្តកែបចំនួន៥រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ផាន់ ចាន់ធុល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះមានចូលការរួមពីសំណាក់លោក សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត, លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រតិភូអមដំណើរ ព្រមទាំងជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរពាក់ព័ន្ធ ជាច្រើនរូប។

អភិបាលរងខេត្តកណ្តាលដែលត្រូវប្រកាសតែងតាំងរួមមាន៖

*ទី១៖ លោក ហ៊ួរ មិថុនា ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ អភិបាលរងខេត្ត
*ទី២៖ លោក អ៉ឹម បញ្ញារិទ្ធិ ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ៥ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាលក្រសួងបរិស្ថាន ជាអភិបាលរងខេត្ត
*ទី៣៖ លោកស្រី គឹម ចន្នី ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលរងខេត្ត
*ទី៤៖ លោកស្រី ទិត សុខា ឋានន្តរស័ក្តិវរមន្ត្រីថ្នាក់លេខ៣ ជាអភិបាលរងខេត្ត
*ទី៥៖ តំឡើងឋានន្តរស័ក្តិ លោក យស់ មុន្នី ពីឋានន្តរស័ក្តិអនុមន្ត្រីថ្នាក់លេខ១ ទៅជាឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ៣ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ក្រសួងរ៉េ និងថាមពល និងតែងតាំងជាអភិបាលរងខេត្ត។

ថ្លែងក្នុងពីធីប្រកាសនេះ លោក ផាន់ ចាន់ធុល ថាក្នុងនាមជាថ្នាក់ដឹកនាំខេត្ត ត្រូវតែប្រឹងប្រែងអភិវឌ្ឍន៍ខេត្តឱ្យបានល្អ និងត្រូវគិតគូរពីបញ្ហាមួយចំនួនដូចជា ការទប់ស្កាត់ និងបង្ការការរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀតត្រូវពិនិត្យ និងដោះស្រាយរាល់ជម្លោះ តម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យបានត្រឹមត្រូវ ច្បាស់លាស់ និងទាន់ពេលវេលា ជាពិសេសខិតខំទប់ស្កាត់ ននិងបង្រ្កាបឱ្យបានបញ្ហាគ្រឿងញៀន។

លោករដ្ឋលេខាធិការ ក៏បានសំដែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈអភិបាលខេត្ត មន្រ្តីរាជការជុំវិញខេត្ត ធ្វើការសហការគ្នាក្នុងការអភិវឌ្ឍន៍ ឱ្យខេត្តមានការរីកចម្រើនគួរឱ្យកត់សម្គាល់។

លោក ផាន់ ចាន់ធុល ក៏បានជំរុញដល់អភិបាលរងខេត្តថ្មី ត្រូវបន្តខិតខំអភិវឌ្ឍន៍ខេត្តទាំងមូលឱ្យទទួលបានភាពរីកចម្រើនទៅមុខជាលំដាប់ ត្រូវចុះមូលដ្ឋានឱ្យបានជាប្រចាំ ត្រូវដឹងពីសុខទុក្ខរបស់ប្រជាជន ត្រូវដោះស្រាយរាល់បញ្ហដែលកើតមាននៅក្នុងមូលដ្ឋានឱ្យបានទាន់ពេលវេលា។ ត្រូវចេះរួមសហការគ្នា ក្នុងការកែប្រែមុខមាត់ខេត្តកែប អោយកាន់តែមានការអភិវឌ្ឍន៍ជាបន្តទៀត ស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចចូលរួមលើកកម្ពស់សេដ្ឋកិច្ចជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង និងការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។

លោករដ្ឋលេខាធិការ ក៏បានសុំណូមពរដល់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរគ្រប់ជាន់ថ្នាក់ ផ្តល់នូវការគាំទ្រ និងមានកិច្ចសហការល្អជាមួយគ្នា ដើម្បីដឹកនាំ និងកសាងខេត្តឱ្យទទួលបានជោគជ័យថែមទៀត៕