(ភ្នំពេញ)៖ បេក្ខជនចំនួន ៥២៧រូប បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដែលបណ្តាញ Fresh News ទទួលបាន។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃនេះ បានបើកកិច្ចប្រជុំក្រោមអធិបតីភាពលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ដើម្បីពិនិត្យ និងសម្រេចលើលទ្ធផលនៃការប្រឡងជ្រើសរើសមន្ត្រីកិច្ចសន្យារយៈពេលខ្លី បម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

បើតាម គ.ជ.ប ដំណើរការប្រឡងបានប្រព្រឹត្តទៅជាពីរក្រុម ដោយមួយក្រុមមានខេត្ត ចំនួន ១៣ ត្រូវរៀបចំការប្រឡងនាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ និងមួយក្រុមទៀតដែលមានរាជធានី ខេត្ត ចំនួន ១២ ត្រូវរៀបចំការប្រឡងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២។ សរុបជាលទ្ធផល បេក្ខជនចំនួន ៥២៧រូប បានប្រឡងជាប់ជាមន្ត្រីកិច្ចសន្យារយៈពេលខ្លីបម្រើការងារនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោតទាំង ២៥ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២។

គ.ជ.ប បានបន្ថែមថា ឈ្មោះបេក្ខជនដែលបានប្រឡងជាប់ នឹងមានបិទផ្សាយនៅតាមលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២២ និងមានបង្ហោះតាមគេហទំព័រ គ.ជ.ប៕