(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីប្រកាសតែងតាំងអភិបាលក្រុងតាខ្មៅថ្មី លោក ឃឹម សំភារ អតីតអភិបាលរងស្រុកខ្សាច់កណ្ដាល ជំនួសលោក នូ សុវណ្ណារ៉ា ដែលត្រូវទៅបម្រើការងារនៅសាលាខេត្តកណ្ដាលវិញ។

ពិធីប្រកាសតែងតាំងត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាក្រុងតាខ្មៅ ក្រោមអធិបតីភាពលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្ត្រីពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

ស្ថិតក្នុងឱកាសនេះ លោក គង់ សោភ័ណ្ឌ បានបញ្ជាក់ច្បាស់ៗថា «ពេលមានតួនាទី មានការងារ ត្រូវតែធ្វើ ហើយធ្វើឱ្យល្អប្រសើរបំផុត, បម្រើប្រជាពលរដ្ឋឱ្យបានល្អប្រសើរថែមទៀត, កុំង៉ក់ងរ, បម្រើសេវាកុំមុខជូរ កុំមុខជ្រួញ កុំឱ្យទាល់តែដាក់ដុល្លារមក ទើបឯកសារស៊ីញ៉េរទៅរួច នេះគឺខុសជាតំណម កុំមានឥរិយាបថបែបនេះជាដាច់ខាត។ ពិសេសកុំអាង កុំអួត កុំអឿ កុំអេចអូច កុំខ្ជិល តែត្រូវស្ទុះស្ទារធ្វើការឱ្យសក្ដិសមជាមន្ត្រីមានគុណភាព មន្ត្រីមានប្រសិទ្ធភាព ទើបអាចឈានដល់កម្រិតឡើងតំណែងទៅលើតទៀត»

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ៗថា «អស់លោកត្រូវច្បាស់ការណ៍លើការងារ ទៅធ្វើការជាមួយគ្នាឱ្យច្បាស់ កុំលម្អៀង ធ្វើមេដឹកនាំកុំយកលម្អៀងអគតិមកនិយាយ ធ្វើដូច្នេះមិនកើតទេ, បើធ្វើការមិនកើតទេ សូមដកថយ, ខ្លួនឯងត្រូវបម្រើប្រជាជន បើអត់បម្រើប្រជាជនគឺខុសហើយ។ បើចង់ធ្វើមន្ត្រីល្អកុំធ្វើមាយា បែបនេះគឺមិនត្រូវទេ, ខ្ញុំលើកសំណើតែងតាំងអស់លោក គឺមិនដែលចង់បានប្រយោជន៍អ្វីទេ គឺចង់បានតែអស់លោកបម្រើប្រជារាស្ត្រប្រកបដោយគុណធម៌ គុណភាព និងមានប្រសិទ្ធភាពពិតប្រាកដ ទើបប្រជារាស្ត្រគាំទ្រអស់លោកបន្តទៀត ,បើធ្វើការបែបមាយា អស់លោកមិនអាចកាន់តំណែងនេះយូរទេ ប្រាកដជាដោះដូរមិនខានឡើយ»

បន្ថែមពីនេះ លោក គង់ សោភ័ណ្ឌ ក៏បានជំរុញដល់លោកអភិបាលក្រុងដែលទើបឡើងថ្មីៗ ត្រូវដោះស្រាយរាល់បញ្ហាប្រឈមនានានៅក្រុងតាខ្មៅដូចជាបញ្ហាសំរាម បន្ទប់ទឹកសាធារណៈសណ្ដាប់ធ្នាប់ចរាចរណ៍ ឡានដឹកបំផ្លាញផ្លូវ បញ្ហានានាជាច្រើនទៀតដូចជាគម្រោងដែលបានដាក់ចេញហើយ ប៉ុន្តែប៉ុន្មាន គម្រោងទាំងនោះហេតុអ្វីបានជាមិនទាន់លេចចេញជាលទ្ធផល? ដូច្នេះ សូមអភិបាលក្រុង និងនាយកទីចាត់ការអភិវឌ្ឍ រួមគ្នាដោះស្រាយបញ្ហាដែលកំពុងតែប្រឈមនេះ ឱ្យបានចេញជាលទ្ធផល, ត្រូវដោះស្រាយឱ្យបានល្អជាទីបំផុត និងត្រូវបញ្ចេញសមត្ថភាពរបស់ខ្លួនឱ្យអស់ពីពោះ ដើម្បីបង្ហាញថាខ្លួន គឺជាជនសមត្ថភាព និងគុណភាព។

លោកអភិបាលខេត្ត ក៏បានក្រើនរំឮកនគរបាលក្រុងតាខ្មៅ ឱ្យសកម្មឡើងរឿងបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងពាលាអាវាសែ បញ្ហាគ្រឿងញៀន សណ្ដាប់ធ្នាប់ ចរាចរណ៍ និងបញ្ហានានាផ្សេងទៀត ដោយឈរលើគោលការណ៍ស្មោះត្រង់ជាមួយប្រជាពលរដ្ឋ ធ្វើការឱ្យច្បាស់លាស់ ប្រកបដោយគុណភាព និងប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យម៉ឺងម៉ាត់បំផុត៕