(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រការបើកបើកការិយាល័យពាណិជ្ជកម្មរបស់តួកគីនៅកម្ពុជា ដើម្បីពង្រីកសក្តានុពលពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។

ការប្រកាសគាំទ្ររបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោកស្រី អ៊ូឃូល កូចាអេហ្វេ (Ulku Kocaefe) ឯកអគ្គរដ្ឋទូតតួកគីប្រចាំនៅកម្ពុជា។ លោកស្រី អ៊ូឃូល កូចាអេហ្វេ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២នេះ បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ បន្ទាប់ពីលោកស្រីអញ្ជើញមកបំពេញបេសកកម្មការទូតនៅកម្ពុជាកាលពីខែកក្កដា កន្លងទៅនេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូតតួកគី បានបង្ហាញការប្ដេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យកាន់តែប្រសើរលើទំនាក់ទំនង កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរ។

លោកស្រី អ៊ូឃូល កូចាអេហ្វេ បានលើកឡើងថា កម្ពុជា និងតួកគី នៅមានសក្ដានុពលច្រើនសម្រាប់ធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា។ លោកស្រី បានបន្ថែមថា តាមរយៈកិច្ចព្រមព្រៀងមួយចំនួន ដែលបានចុះហត្ថលេខារួចហើនោះ លោកស្រី នឹងប្រឹងប្រែងទាញយកសក្ដានុពលទាំងនោះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូត បានលើកឡើងដែរថា តួកគី នឹងបើកបើកការិយាល័យពាណិជ្ជកម្មនៅកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យទាំងទ្វេភាគី ទាំងក្នុងក្របខណ្ឌតំបន់ និងក្នុងក្របខណ្ឌពិភពលោក ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរជូនចំពោះលោកស្រី អ៊ូឃូល កូចាអេហ្វេ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីរបស់តួកគីប្រចាំនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញការយល់ឃើញដូចលោកស្រីឯកអគ្គរដ្ឋទូតដែរថា កម្ពុជា និងតួកគី នៅមានសក្ដានុពលជាច្រើន សម្រាប់ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការ។ ក្នុងន័យនេះ សម្ដេចតេជោ ស្វាគមន៍ការិយាល័យពាណិជ្ជកម្មរបស់តួកគី ហើយសង្ឃឹមថា ការិយាល័យពាណិជ្ជកម្ម នឹងធ្វើការសិក្សាស្វែងយល់រាល់កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម និងវិនិយោគ ដែលជាមូលដ្ឋានគ្រឹះនៃកិច្ចសហប្រតិបត្តិការលើវិស័យដទៃទៀត៕