(ភ្នំពេញ)៖ កម្លាំងនគរបាលជំនាញនាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានឃាត់ខ្លួនបុរសម្នាក់ ពីបទ «ឆបោក» បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
បើតាមមន្ត្រីនគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ថា ការឃាត់ខ្លួនបុរសម្នាក់ខាងលើនេះ បានធ្វើឡើងតាមដីការបញ្ជាឱ្យចូលខ្លួនរបស់លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ដើម្បីសាកធ្វើការសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ឈ្មោះ ប៉ូ សំណាង។
បើតាមដីការរបស់ព្រះរាជអាជ្ញា បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ តាំង គឹមឡុង អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៩អា ផ្លូវលេខ២៧០ ភូមិ៩ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះមានឈ្មោះ ប៉ូ សំណាង។
ជនរងគ្រោះបានឱ្យដឹងថា គាត់បានដឹងថា ជនសង្ស័យឈ្មោះ តាំង គឹមឡុង នេះមានឈ្មោះមិនល្អនៅក្នុងមុខរបររកស៉ីលើវិស័យទូរស័ព្ទ ប៉ុន្តែ ដោយមានការអាណិតអាសូរដល់ជនសង្ស័យខ្លួនក៏បានសម្រេចចិត្តឱ្យជនសង្ស័យទិញទូរស័ព្ទជំពាក់ គឺប្រគល់ប្រាក់លើវិកយបត្រចាស់ និងជំពាក់លើវិយកបត្រថ្មី។ ប៉ុន្តែ ជនសង្ស័យរូបនេះ មិនបានធ្វើអ្វីទៅតាមការសន្យានោះទេ រហូតគាត់បានអនុគ្រោះដល់ជនសង្ស័យបង់រំលស់ខ្លួនជាដំណាក់កាលរយៈពេល ១ឆ្នាំ តែជនសង្ស័យបែរជាគេចវេសមិនព្រមដោះស្រាយ។
ជនរងគ្រោះក៏បានបញ្ជាក់ថា អ្វីដែលកាន់តែហួសចិត្ត គឺប្អូនប្រុសរបស់ជនសង្ស័យបានឱ្យមេធាវី Call មកគំរាមខ្លួន ដែលជាម្ចាស់បំណុលទៅវិញ ដូច្នេះ ហើយគាត់ក៏សម្រេចចិត្តប្តឹងមកសមត្ថកិច្ចដើម្បីរកយុត្តិធម៌ជូនខ្លួនជាម្ចាស់បំណុលតែម្តង។
មន្ត្រីនគរបាលព្រហ្មទណ្ឌ បានបន្ថែមថា ការចាប់ខ្លួននេះដោយសារតែជនសង្ស័យទិញទូរស័ព្ទពីជនរងគ្រោះ ប៉ុន្តែ មិនប្រគល់ប្រាក់ និងមិនព្រមទាំងសងតាមដំណាក់កាលដែលខ្លួនបានព្រមព្រៀងជាមួយជនរងគ្រោះ ទើបជនរងគ្រោះមិនសុខចិត្តបានប្តឹងទៅសមត្ថកិច្ច រហូតឈានទៅដល់ព្រះរាជអាជ្ញាបញ្ជាឱ្យបង្ហាញខ្លួននៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ ប៉ុន្តែ ជនសង្ស័យនេះមិនព្រមចូលខ្លួនតាមការបញ្ជា ទើបកម្លាំងនគរបាលចាប់ខ្លួនបញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕