(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ បានចេញសេចក្តីណែនាំអំពីការ បោះឆ្នោតជ្រើសរើស ប្រធានម្នាក់ អនុប្រធាន៥នាក់ និងសមាជិកចំនួន១១នាក់ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
សេចក្តីណែនាំរបស់ក្រសួងពាណិជ្ជកម្ម ដែលអង្គភាព Fresh News ទទួលបានបញ្ជាក់ថា ការដាក់ពាក្យឈរឈ្មោះជាប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជា នឹងចាប់ពីផ្តើមពីថ្ងៃទី ២ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០៦ ហើយការបោះឆ្នោតនឹងត្រូវធ្វើឡើង ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានបង្កើតក្រុមការងាររៀបចំការបោះឆ្នោតជ្រើសប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល សហព័ន្ធស្រូវអង្ករកម្ពុជាផងដែរ ដែលមានលោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាប្រធាន។
សូមជម្រាបថា សហព័ន្ធស្រូវអង្ករកម្ពុជា ជាស្ថាបន័ឯកជន ដែលមានសំឡេងតែមួយគត់ នៃឧស្សាហកម្មស្រូវអង្ករកម្ពុជា ដោយបានបង្កើតឡើងតាមរយៈការបោះឆ្នោត នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៤ ដោយសមាជិកស្ថាបនិកចំនួន២១៣រូប តំណាងឲ្យសហព័ន្ធអ្នកនាំចេញអង្ករ សហគមន៍កសិករ សមាគមម្ចាស់រោងម៉ាស៊ីនកិនស្រូវ របស់ក្រុមហ៊ុននាំចេញអង្ករ ក្រុមហ៊ុនដឹកជញ្ជូនជាដើម។
បច្ចុប្បន្នសហព័ន្ធស្រូវអង្ករកម្ពុជា មានលោក សុខ ពុទ្ធិវុធ ជាប្រធាន និងអនុប្រធាន៣រូបទៀត គឺលោកឧកញ៉ា គឹម សាវុធ លោក ឧកញ៉ា លឹម ប៊ុនហេង និងលោកឧកញ៉ា ហ៊ុន ឡាក់ និងមានសមាជិកក្រុមប្រឹក្សាភិបាលចំនួន ១៣នាក់ផ្សេងទៀត៕
ព័ត៌មានលម្អិត នៃពីការបោះឆ្នោតជ្រើសរើស សូមអានសេចក្តីណែនាំ របស់ក្រសួងពាណិជ្ជកម្មទាំងស្រុង៖