(ភ្នំពេញ)៖ ហេតុការណ៌ភ្ញាក់ផ្អើលមួយ បានកើតឡើងនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ ដោយបុរសជនសង្ស័យម្នាក់ បានចូលគាស់ទូរ ATM របស់ធនាគារកម្ពុជាសាធារណៈ តែត្រូវបានប្រជាពលរដ្ឋ និងសន្តិសុខយាមធនាគារវាយឡើងទ្រោមខ្លួន និងចាប់ប្រគល់ឲ្យសមត្ថកិច្ច។
សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានទៅដល់កន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា ហេតុការណ៍ភ្ញាក់ផ្អើលនេះ កើតឡើងនៅយប់ថ្ងៃ៣១ ខែឧសភា ឆ្នាំ២០១៦ ស្ថិតនៅអគារអ៊ែតវូដ ស្ថិតតាមបណ្ដោយ មហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេកកើតហេតុគេឃើញបុសជាជនសង្ស័យ ដើរតាមផ្លូវ ស្រាប់តែមួយសន្ទុះក្រោយមក ជនសង្ស័យក៏បានចូលទៅក្នុង បន្ទប់ដាក់ទូរ ATM យកដំបងដែកវាយបំបែក ក្នុងគោលបំណងដើម្បីយកលុយ។ នៅពេលដែលជនសង្ស័យកំពុងធ្វើសកម្មភាព ស្រាប់សន្ដិសុខដែលយាមនៅទីនោះឃើញ ក៏នាំគ្នាចាប់ជនសង្ស័យវាយម្នាក់មួយដៃមួយ មួយជើង ឡើងទ្រោមខ្លួន។
ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានកម្លាំង នគរបាលខណ្ឌសែនសុខ យកទៅសាកសួរនៅប៉ុស្តិ៍ទឹកថ្លា ដើម្បីកសាងសំណុំចាត់ការតាមនីតិវិធី៕