(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី អនុប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ជួបពិភាក្សាការងារជាមួយលោក លីវ ជានចាវ (Liu Jianchao) រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅព្រះដំណាក់ ផ្លូវសម្តេចប៉ាន់ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៉ិនប៉ិច បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ជំនួបរវាងព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី និងលោក លីវ ជានជាវ ដើម្បីផ្តោតទៅលើទំនាក់ទំនងរវាងគណបក្សទាំងពីរ និងអនុស្សាវរីយ៍ ដែលបានបន្សល់ទុករបស់សម្តេច ព្រះបាទ នរោត្តម សីហនុ ដែលភាគីទាំងពីបានសាងរួមគ្នា ជាពិសេសគណបក្សហ្វ៊ុនស៉ិនប៉ិច ដែលជាកេរ្តិ៍ដមណែលរបស់សម្តេច ព្រះបាទ នរោត្តម សីហនុ។

អ្នកនាំពាក្យរូបនេះ បានបន្តថា ភាគីចិន នៅតែពង្រឹងចំណងទំនាក់ទំនងរវាងគណបក្សទាំងពីរ ជាពិសេសការផ្តោតយកចិត្តទុកដាក់ជួយបណ្តុះបណ្តាលយុវជនគណបក្សហ្វ៊ុនស៊ិនប៉ិច ឱ្យកាន់តែមានសមត្ថភាពបន្ថែមទៀត។

ក្នុងនាមព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស, ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម រតនាទេវី ទ្រង់មានបន្ទូលថ្លែងអំណរគុណដល់គណបក្សកុម្មុយនិស្តចិន ដែលបានផ្តល់ជំនួយជាច្រើនដល់ប្រទេសកម្ពុជា ជាពិសេសការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋ ក្នុងស្ថានភាពពិភពលោកកំពុងតែរងគ្រោះដោយសារជំងឺដ៏កាចសាហាវមួយនេះ៕