(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣១ ខែឧសភានេះ បានសម្រេចប្រគល់ភារកិច្ចជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បើកការស្រាវជ្រាវទៅលើស្នាមមេដៃប្រជាពលរដ្ឋ ដែលគណបក្សសង្រ្គោះជាតិ បានហែរទៅថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃម្សិលមិញ ចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់។
យោងតាមលិខិតរបស់ទីស្តីការគណៈរដ្ឋមន្រ្តី ផ្ញើជូនសម្តេចក្រឡាហោម ស ខេង នៅយប់ថ្ងៃទី៣១ ខែឧសភា ដែល Fresh News ទទួលបានមុននេះបន្តិច បានសម្រេចឲ្យសម្តេច ស ខេង រៀបចំស្រាវជ្រាវនូវស្នាមមេដៃតាមវិធីសាស្រ្ត ៣យ៉ាងរួមមាន៖
១. ការធ្វើកោសល្យវិច្ច័យ
២. ការស្រាវជ្រាវពីប្រជាជនដោយផ្ទាល់
៣. មធ្យោបាយផ្សេងទៀត ដែលអាចរកឃើញនូវភាពត្រឹមត្រូវ
យោងតាមលិខិតដដែលនេះ បានសុំឲ្យសម្តេចក្រឡាហោម ស ខេង រៀបចំស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុត ដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃ បោកប្រាស់ទាំងប្រជាជន ជាពិសេសបោកប្រាស់ព្រះមហាក្សត្រ។
ក្នុងលិខិត បានបញ្ជាក់ផងដែរថា ការសម្រេចឲ្យមានការស្រាវជ្រាវនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានទទួលព្រះរាជសារលិខិតពីព្រះមហាក្សត្រ ស្តីអំពីការស្វែងរកអន្តរាគមន៍ពីខាងគណបក្សសង្រ្គោះជាតិ តាមរយៈញត្តិ ដែលមានស្នាមមេដៃរបស់ប្រជាពលរដ្ឋជាង ១៧ម៉ឺននាក់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ កាលពីថ្ងៃម្សិលមិញនេះ បានដង្ហែញត្តិ ដោយភ្ជាប់ជាមួយស្នាមមេដៃ ប្រជាពលរដ្ឋជាង១៧ម៉ឺនមេដៃ ស្វែងរកព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រឲ្យដោះលែងអ្នកការពារសិទ្ធិមនុស្ស សកម្មជនគណបក្សសង្រ្គោះជាតិ ក៏ដូចជាការលើកលែងការចោទប្រកាន់លើ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ។
បន្ទាប់ពីការប្រគល់មេដៃ មានការបែកធ្លាយវីដេអូឃ្លីប និងព័ត៌មានមួយចំនួនថា ស្នាមមេដៃ ដែលគណបក្សសង្រ្គោះជាតិប្រមូលមកនោះ គឺជាការប្រមូលមួយ ដែលមិនបានបញ្ជាក់ពីទិន្នន័យ និងអត្តសញ្ញាណម្ចាស់មេដៃ ឲ្យបានច្បាស់លាស់នោះឡើយ៕