(កណ្ដាល)៖ អភិបាលរងខេត្តកណ្ដាលចំនួន៤រូប ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពលោក ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

កម្មវិធីនេះក៏មានវត្តមានចូលរួមផងដែរពីសំណាក់លោកបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត, លោក គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត និងក្រុមមន្រ្តីអ្នកមុខអ្នកការជាច្រើននាក់ផ្សេងទៀតផងដែរ។

អភិបាលរងខេត្តកណ្តាលដែលត្រូវប្រកាសតែងតាំងរួមមាន៖

*ទី១៖ លោក ហាក់ សុខមករា អតីតអភិបាលរងខេត្តត្បូងឃ្មុំ
*ទី២៖ លោក ប៊ុន ផេង អតីតអភិបាលស្រុកខ្សាច់កណ្តាល
*ទី៣៖ លោក គ្រុយ ម៉ាឡែន អតីតនាយករដ្ឋបាលសាលាខេត្តកណ្តាល
*ទី៤៖ លោក លោក ឌឹម បូរ៉ា មន្រ្តីជាន់ខ្ពស់សវនកម្មជាតិ នៃអាជ្ញាធរសវនកម្មជាតិ។

ស្ថិតក្នុងឱកាសនេះ លោក ឡាំ ជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ គោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

លោកក៏បានណែនាំផ្តាំផ្ញើដល់គណៈអភិបាលខេត្ត និងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត-ត្រូវរួមគ្នាពង្រឹងការងារផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរប្រកបដោយគុណភាព ប្រសិទ្ធភាព និងស្នាមញញឹម អនុវត្តឱ្យបាននូវគោលនយោបាយយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា, ត្រូវរួមគ្នារក្សាស្ថេរភាពប្រទេសជាតិ ក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ច ដោយអនុវត្តវិធានការច្បាប់ចំពោះជនទាំងឡាយណាដែលបង្កអស្ថេរភាពសង្គម ប៉ះពាល់ដល់សន្តិសុខជាតិ។

លោករដ្ឋលេខាធិការ ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរខេត្ត ពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធានការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោលនយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ជាពិសេសបង្កើនការចូលរួមទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ១៩ ដោយចុះអប់រំផ្សព្វផ្សាយ អំពីវិធានាការនានា របស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ដើម្បីឱប្រជាពលរដ្ឋចូលរួមយកចិត្តទុកដាក់ អនុវត្តវិធានការឱ្យបានតឹងរឹង ដោយទប់ស្ការការឆ្លងរីករាលដាលបន្តទៀត៕