(ភ្នំពេញ)៖ សមិទ្ធផលថ្មីមួយទៀត បាននិងកំពុងតែចេញរូបរាងជាបណ្ដើរៗហើយ គឺផ្លូវបេតុងមួយខ្សែ មានប្រវែង ២០០០ម៉ែត្រ ទទឹង៧ម៉ែត្រ និងដាក់លូដោះទឹក ១ខ្សែប្រវែង ២០០០ម៉ែត្រ មុខកាត់០.៨ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ចូលទៅក្នុងភូមិព្រែកជាងព្រំ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ដែលជាគម្រោងអភិវឌ្ឍន៍របស់សាលារាជធានីភ្នំពេញ ផ្តល់ជូនដល់ប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ។

ជាក់ស្តែង នៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារចុះពិនិត្យការស្ថាបនាផ្លូវបេតុងថ្មីនេះ ដែលជាចំណងដៃរបស់សាលារាជធានីភ្នំពេញ ផ្តល់ជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅទាំងមូល។

ក្នុងការចុះពិនិត្យសមិទ្ធផលថ្មី ផ្លូវបេតុងមួយខ្សែរួមនឹងលូ១ខ្សែប្រវែង ២០០០ម៉ែត្រនេះ លោកអភិបាលខណ្ឌ បានណែនាំឲ្យមន្ត្រីជំនាញ រួមនិងអាជ្ញាធរមូលដ្ឋានសង្កាត់វាលស្បូវ ត្រូវតាមដានជាប់ជាប្រចាំ ក្នុងការអនុវត្តគម្រោង របស់ក្រុមហ៊ុន ដែលបានទទួលការតាំងពីចាប់ផ្តើមការដ្ឋាន រហូតដល់ចប់ជាស្ថាពរ។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋ ដែលពិបាកក្នុងការធ្វើដំណើរ នៅគ្រាដែលការដ្ឋានកំពុងដំណើរការសាងសង់។

ផ្លូវបេតុងថ្មីដែលសាងសង់ជិតរួចរាល់នេះ នឹងបង្កលក្ខណៈងាយស្រួល ក្នុងការធ្វើដំណើរ និងការប្រកបរបរអាជីវកម្មប្រចាំថ្ងៃ។ បងប្អូនប្រជាពលរដ្ឋរស់នៅអមសងខាងផ្លូវ មានការត្រេកអរយ៉ាងខ្លាំង និងសូមកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់លោក ចេង មុនីរ៉ា អភិបាលខណ្ឌ អាជ្ញាធរសង្កាត់ និងជាពិសេស សូមគោរពថ្លែងអំណរគុណចំពោះលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលបានផ្តល់ផ្លូវបេតុង និងដាក់លូដោះទឹកចំនួន ១ខ្សែនេះ ដែលជាការដោះស្រាយនូវការលំបាករបស់ប្រជាពលរដ្ឋ ហើយបង្កនូវការងាយស្រួលដល់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះ៕