(កំពង់ធំ)៖ លោក ឡុង ផល ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះជួយមូលដ្ឋានស្រុកស្ទោង បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២២ និងទិសដៅបន្តរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្ទោង ខេត្តកំពង់ធំ នៅសាលាស្រុកស្ទោង។

កិច្ចប្រជុំបានធ្វើឡើងនៅថ្ងៃទី២៤ ខែសីហាឆ្នាំ២០២២ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ខេត្ត ស្រុក ប្រធានការិយាល័យអង្គភាព ជុំវិញនិងចំណុះឲ្យសាលាស្រុកស្ទោង លោកមេឃុំគ្រប់ឃុំ ព្រមទាំងកងកម្លាំងទាំង៣ផងដែរ។

លោក ឡុង ផល បានបន្ថែមថា «ក្នុងនាមយើងជាឈាមជ័រតែមួយត្រូវបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់ តាមស្ថានភាពជាក់ស្តែងដោយមិនត្រូវប្រមាថថាការងារ ឬកិច្ចការខ្លះតូចតាចឡើយ គឺសុទ្ធតែតម្រូវវការចាំបាច់របស់ប្រជាពលរដ្ឋទាំងអស់»

លោកបានកោតសរសើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងក្រុមការងារពិសេសថ្នាក់ដឹកនាំស្រុក ដែលបានអភិវឌ្ឍមូលដ្ឋាន និងបម្រើសេវាបានល្អប្រសើរជូនពលរដ្ឋកន្លងមក ពិសេសលើសពីនេះទៀត គឺការខិតចំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងត្រៀមលក្ខណៈកាត់ឆ្វៀលដីនៅតំបន់៣ តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពជា ជូនប្រជាពលរដ្ឋរដ្ឋតាមស្ថានភាពជាក់ស្តែង។

ជាមួយនេះផងដែរលោកបានរំលឹកបន្ថែមថា ក្រុមការងារទាំងអស់ត្រូវចុះជួបផ្ទាល់ជាមួយ ជាមួយបងប្រជាពលរដែលមានបញ្ហា ត្រូវជួយដោះស្រាយឬផ្តល់សេវាប្រកបដោយតម្លាភាព មានឥរិយាបថទន់ភ្លន់ជាពិសេសត្រូវបង្ខិតសេវាសាធារណៈឲ្យដល់ផ្ទះប្រជាពលរដ្ឋផ្ទាល់តែម្តង។

ជាចុងបញ្ចប់លោក ឡុង ផល បានឲ្យក្រុមការងារ និងអាជ្ញាធរមូលដ្ឋានត្រូវបន្តផ្សពផ្សាយចាក់វ៉ាក់សាំងដូសជំរុញ ផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដើម្បីយកឈ្នះលើកូវីដ១៩ ឲ្យខានតែបាន៕