(ភ្នំពេញ)៖ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានថ្លែងថា គិតមកដល់ពេលនេះ មានផ្ទៃដីប្រមាណ ៦ម៉ឺន៥ពាន់ហិកតា ត្រូវបានប្រមូលយកមកវិញ ពីការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាប។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះ គឺមានផ្ទៃដីប្រមាណ ៦ម៉ឺន ៥ពាន់ហិកតារ ត្រូវបានប្រមូលយកមកវិញ ដោយសារតែជាការរំលោភលើដែនតំបន់៣ នៃបឹងទន្លេសាប»

ក្រសួងរៀបចំដែនដី បានប្តេជ្ញាចិត្តការពារដីដែលត្រូវបានដកហូតមកវិញនេះ ឲ្យបានគង់វង្សជានិច្ច។ លោក សេង ឡូត បានឲ្យដឹងថា ដើម្បីការពារ ដើម្បីទប់ស្កាត់ការរំលោភបំពានតទៅទៀត គឺមានការរៀបចំបោះបង្គោលបន្ថែមចំពោះបង្គោលព្រំណា ដែលបានបាក់បាត់ទៅ ឬគេគាស់ ឬក៏ខូច។

ជាមួយគ្នានេះ ក្រសួងដែនដីក៏រៀបចំផែនការ ដោយមានការដាំដើមឈើ នៅក្នុងដែននេះ ដើម្បីជាជម្រកសម្រាប់ត្រីពង រួមទាំងគំនិតផ្តួចផ្តើមថ្មី របស់លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានកប់គ្រាប់ត្នោត ជាព្រំសម្រាប់សម្គាល់ផងដែរ។

អ្នកនាំពាក្យក្រសួងរៀបចំដែនដី បានឲ្យដឹងដែរថា ក្រសួងបានរៀបចំការចុះត្រួតពិនិត្យ មើលប្រជាពលរដ្ឋតំបន់៣ តំបន់២ តំបន់១ ដែលរស់នៅតាមភូមិចាស់ជាក់ស្តែង ហេតុនេះហើយមានការកែសម្រួលព្រំតំបន់៣ តំបន់២ និងតំបន់១ នៃដែនដីទន្លេសាប។

លោកបញ្ជាក់ថា «តំបន់៣ គឺហាមដាច់ខាត មិនឲ្យមានការកាន់កាប់ ឬអាស្រ័យផលអ្វីទាំងអស់។ អញ្ចឹងយើងបានកែដែនតំបន់៣ មកតំបន់២ បានផ្ទៃដីចំនួន ១ម៉ឺន៣ពាន់ហិកតារ ពាក់ព័ន្ធនឹងប្រជាពលរដ្ឋប្រមាណ ៥ពាន់គ្រួសារ ឲ្យបានអាស្រ័យផលបាន។ យើងក៏មានការកែព្រំប្រទល់ ពីតំបន់២ មកតំបន់១ បានផ្ទៃដី ១ម៉ឺន២ពាន់ហិកតារ និងផ្តល់ជាកម្មសិទ្ធិតែម្តង កាលណាកែមកតំបន់១ ដោយផ្តល់ជូនពលរដ្ឋ ១ម៉ឺន២ពាន់គ្រួសារ»

សូមជម្រាបថា ពាក់ព័ន្ធនឹងបទល្មើសនេសាទ ជាពិសេសការទន្ទ្រានដីព្រៃលិចទឹកនៅជុំវិញបឹងទន្លេសាបនេះ បានចាប់ផ្តើមនៅចុងខែវិច្ឆិកា ឆ្នាំ២០២១ ក្រោយលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីដាក់ចេញវិធានការទប់ស្កាត់ និងបង្ក្រាបជាបន្ទាន់ និងបន្ទាប់ពីមានបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

បទបញ្ជាសម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីរាជបណ្ឌិត្យសភាកម្ពុជាដឹកនាំដោយ លោកបណ្ឌិត សុខ ទូច បានចុះសិក្សាស្រាវជ្រាវនៅបឹងទន្លេសាប ដែលរកឃើញអំពីបញ្ហាកាប់ឈើ និងទន្ទ្រានយកដីព្រៃលិចទឹកយ៉ាងអនាធិបតេយ្យ គួរឱ្យព្រួយបារម្ភ ជាពិសេសខេត្តកំពង់ឆ្នាំង ដែលត្រូវមានការដោះស្រាយ និងចាត់វិធានការជាបន្ទាន់។

ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២២ បានប្រកាសអំពីសម្រេចកាត់ឆ្វៀលដីអភិរក្សបឹងទន្លេសាបចេញពីតំបន់៣ និងតំបន់២ ជូនទៅប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្តែងចាប់ពី១០ឆ្នាំឡើងទៅ ឬអាចក្រោម១០ឆ្នាំ ចំពោះដីមិនមែនជាដីព្រៃលិចទឹក ហើយគោករាក់មិនអាចស្តាបាន បន្ទាប់ពីបានទប់ស្កាត់ការកាប់ទន្ទ្រាន និងដកហូតការកាន់កាប់ដោយខុសច្បាប់ កាលពីចុងឆ្នាំ២០២១។ ខេត្តនៅជុំវិញជុំវិញបឹងទន្លេសាបទាំង៦នោះ រួមមានខេត្តកំពង់ធំ កំពង់ឆ្នាំង សៀមរាប ពោធិ៍សាត់ បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម៕